ខេត្តស្វាយរៀង ៖ ពីរនាក់ម្ដាយនិងកូនស្រីបាននាំគ្នាចុះអូសមងយកត្រីនៅស្រះ បណ្តាលឲ្យលង់ទឹកស្លាប់កូនស្រី រីឯម្ដាយជួយសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានប្រាប់កាសែតនគរវត្តថា ក្មេងស្រីដែលលង់ទឹកស្លាប់មានឈ្មោះ ប៉ែន ស្រីនាង អាយុ១៧ឆ្នាំ មុខរបរសិស្ស ខណៈម្ដាយត្រូវអ្នកភូមិជួយសង្គ្រោះទាន់ពេលមានឈ្មោះ រស់ សុម៉ាលី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុក ស្វាយទាប។
តាមឪពុកឈ្មោះប៉ែន សាមន អាយុ៣៦ឆ្នាំមុខរបរកសិករបានរៀបរាប់ទាំងអួលដើមកថា នៅមុនពេលកើតហេតុ ប្រពន្ធ និងកូនបាននាំគ្នាទៅចុះអូសត្រីនៅក្នុងបៀរខាងលិចផ្ទះដើម្បីទុកធ្វើម្ហូបពេលថ្ងៃត្រង់ លុះប្រមាណជាងកន្លះម៉ោង ខណៈដើរអូសចូលដល់កន្លែងទឹកជ្រៅមិនប្រយត្ន័ក៏ផុតជើងបណ្តាលឲ្យរអឺលលង់ទឹកទាំងពីរនាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយទាញនិ ងសង្គ្រោះ ប៉ុន្តែអកុសសជួយបានតែម្ដាយ ចំណែកកូនស្រីមិនចេះហែលទឹកផង ក៏លង់ស្លាប់ ។
ក្រោយមកស្ត្រីជា ម្តាយត្រូវអ្នកភូមិជួយដឹកមកសង្គ្រោះនៅមន្ទីរខត្តស្វាយរៀងភ្លាមៗ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន