ប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត បង្រ្កាបទីតាំងល្បែងភ្នាល់កីឡាប្រដាល់ខ្មែរ ថៃ ចាក់ហ៊ោកញ្ជៀវមួយកន្លែង ដែលរំខានដល់អ្នកជិតខាង ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីនារសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ជាអធិការនគរបាលក្រុង។
រោងភ្នាល់ល្បែងកីឡាប្រដាល់ខាងលើយីហោ អាហារដ្ឋានសានមួយហេងលក់បាយ គុយទាវ ម្ហូបកុម្ម៉ង និងគ្រឿងក្លែមគ្រប់ប្រភេទ ដែលហាងមួយនេះ បើកលេងយ៉ាងដុះស្លែជាយូរឆ្នាំមកហើយ។
ប្រភពថា នៅកន្លែងកើតហេតុខណៈ
ឃើញសមត្ថកិច្ចចុះពីរថយន្ត ក្រុមអ្នកញៀនល្បែងភ្នាល់រត់ប្រសាច ខ្លះរត់សសៀរជញ្ជាំងហាងបាយទៅក្រោយ ខ្លះទៀតរត់ឡើងដំបូលរោងទៀតផង។
សមត្ថកិច្ចបញ្ជាក់ថា ប្រមូលបានម៉ូតូចម្រុះជិត៤០គ្រឿង ដើម្បីដឹកទៅអធិការដ្ឋាននគរបាលក្រុងដើម្បីឲ្យម្ចាស់ចូលទៅទទួលការអប់រំ។
អ្នកខ្លះខ្សឹបខ្សៀវគ្នាថា ទើបមកដល់ មិនទាន់បានមើលកីឡាផង ឯអ្នកខ្លះថា ទើបជិះចូលទៅរកផឹកកាហ្វេតែប៉ុណ្ណោះ ហើយអ្នកមួយចំនួនក៏និយាយថា ក្រុងប៉ោយប៉ែតមិនមែនតែមានល្បែងភ្នាល់ប្រដាល់ទេ គីល្បែងអនឡាញជាច្រើនកន្លែងសមត្ថកិច្ចមិនទាន់វិធានការនោះទេ បែរជាមកចាប់អ្នកលេងប្រដាល់ទៅវិញ។
ទោះបែបណាសមត្ថកិច្ចអះអាងថា ការចាប់នេះគ្រាន់តែឲ្យម្ចាស់ចូលខ្លួនទៅទទួលការអប់រំ និងបញ្ឈប់លេងល្បែងស៊ីសងបន្តទៀត ចំណែកម៉ូតូក្រោយពីធ្វើកំណត់ហេតុនឹងប្រគល់ម៉ូតូឲ្យម្ចាស់វិញ ៕ វណ្ណា