ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសាកសួរជាបន្តបន្ទាប់ និងធ្វើពិសោធន៍ទឹកនោមឃើញវិជ្ជមាន(ផ្ទុកសារធាតុញៀន) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបតែម្ដង ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកនៅថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធី គុណ អាយុ ១៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប, ឈ្មោះម៉ៅ ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ឈ្មោះ សំ ងួនឡេង ភេទប្រុស និងឈ្មោះ ញឹក មករា ភេទប្រុសរស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។

ក្រោយពីសាកសួរ សមត្ថកិច្ចនគរបាលជំនាញស្រុកស្វាយទាបឈានដល់ឃាត់ខ្លួនបានម្នាក់ទៀត ឈ្មោះ វុធ វិវឌ្ឍ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជួញដូរថ្នាំញៀនជាមេក្លោងរស់នៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ព្រមទាំងដកហូត សម្ភារ ប្រើប្រាស់មួយចំនួន ទូរសព្ទ័ដៃ៤គ្រឿង និងដាវសាម៉ូរ៉ៃ១ដើម។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់ការិយាល័យនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖