ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលបាក់ភ្លៅផ្ងារជើងឡើងលើសន្លប់ឈឹងសង្ឃឹមរស់តិច បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបញ្ច្រាសគ្នាកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់លោកយឹម សុថាន អ្នកកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ជុំ សារិទ្ធិ អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិកកាសុីណូសៀងហៃ រស់នៅភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខណះម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៧៨០៣ ខូចខាតទាំងស្រុងផ្នែកខាងមុខ។
ចំណែកអ្នកបើករថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A ១៣៧៧ មិនស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃើញសភាពមិនស្រួលបើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោលតែម្ដង។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៧៨០៣ក្នុងទិសដៅពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ខណៈបើកបរមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនឹងរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A ១៣៧៧ ដែលធ្វើដំណើររពីលិចទៅកើត លើផ្លូវជាតិលេខ១បញ្ច្រាសទិសគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចក៏បានចុះមកពិនិត្យភ្លាមៗផងដែរ។
សមត្ថកិច្ចវាស់វែង និងយកបុរសរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង និងអូសយក វត្ថុតាងទាំង២គ្រឿងដែលជា មធ្យោបាយយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន