ព័ត៌មានទាន់ហេតុការណ៍៖

ទៅបង់សំណាញ់ជាប់មនុស្សដួលត្រឡប់ត្រឡិនបែកក្បាល និងរលាត់ដៃជើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល និងដៃជើង ខណៈជិះម៉ូតូស្រាប់តែទាក់សំណាញ់បង់ត្រីរបស់ខ្លួនដែលដាក់នៅលើម៉ូតូបណ្ដាលឲ្យដួលត្រឡប់ត្រឡិន ទាំងមនុស្ស និងម៉ូតូធ្លាក់ចិញ្ចើមផ្លូវតែម្នាក់ឯងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលកាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣៧ នាទីរសៀល លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៨ លេខ១២៩ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានប្រាប់លោកយឹម សុថាន អ្នកយកព័ត៌មានកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងឲ្យដឹងថា បុរសដែលរងគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ ចាន់ រ៉ា អាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ សាមគ្គី សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដោយជិះម៉ូតូម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១V ០៦៧៣ ខូចខាតយ៉ាងដំណំ។

បើតាមអ្នកភូមិបានប្រាប់ថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១V ០៦៧៣តែម្នាក់ឯង ដោយធ្វើដំណើរ ពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព និង គ្មានកញ្ចក់មើលក្រោយ ខណៈនោះស្រាប់តែទាក់នឹងសំណាញ់បង់ត្រីរបស់ខ្លួនដែលដាក់នៅលើម៉ូតូបណ្ដាលឲ្យចូលកាំខាងមុខដួលត្រឡប់ត្រឡិនទាំងមនុស្ស និងម៉ូតូ ធ្លាក់ពីចិញ្ចើមផ្លូវជាច្រើនត្រឡប់បង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យ និងជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់បានបង់ត្រីផង ស្រាប់តែជួបករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង៕ យឹម សុថាន


ចែករំលែក៖