ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងកាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី ត្រង់ចំណុចលើខ្នងប្រឡាយអន្តរឃុំ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ហ៊ន លីហ៊ុន ហៅស្វិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកឯជនរងគ្រោះឈ្មោះ វ៉េត ធឿន ហៅម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទំលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាគប់មូល ធុនសេ៧០ ពណ៌ខៀវចាស់ លេខម៉ាស៊ីនៈ ៣០៨៤១៥ លេខតួៈ ១៣៩៧៨៧៧ គ្មានស្លាកលេខ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង១៣ និង០០នាទី ជនរងគ្រោះឈ្មោះ វ៉េត ធឿន បានជិះម៉ូតូរបស់ខ្លួនទៅចតលើខ្នងប្រឡាយក្នុងភូមិ/ឃុំកើតហេតុខាងលើ រួចចុះបឹងដើម្បីទៅនេសាទត្រី ។ លុះមកដល់វេលាម៉ោងប្រមាណ១៥ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានត្រឡប់មកពីនេសាទត្រីក្នុងបឹងវិញ ស្រាប់មិនឃើញម៉ូតូរបស់ខ្លួនដែលទុកលើប្រឡាយ ដោយសង្ស័យថា មានចោរលួច ភ្លាមនោះក៏ជនរងគ្រោះក៏ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីជួយស្វែងរក ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏បានស្រាវជ្រាវ និងបានកំណត់មុខសញ្ញាយ៉ាងច្បាស់ រួចចាប់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួមពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន កាលពីថ្ងៃទី២៨ ខែមករា ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជិះសំដៅទៅផ្ទះឈ្មោះ អ៊ឹម ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ស្ថិតភូមិជំនិក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្រតាកែវ ដោយដេកនៅទីនោះអស់រយៈពេល១យប់ ។ លុះវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ខ្លួនបានយកម៉ូតូនោះទៅលក់ឲ្យទៅឈ្មោះ ស៊ិន លីមភេទប្រុស អាយុ៣៦ឆ្នាំ មុខរបជាងជួសជុលម៉ូតូ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ក្នុងតម្លៃ១៥ម៉ឺនរៀល រួចហើយខ្លួនក៏ត្រឡប់មកឃុំក្រាំងយ៉ូវវិញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖