ខេត្តបាត់ដំបង៖ ដោយមានការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងបទល្មើស លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងបានធ្វើកំណត់ហេតុដកហូតនូវប្រភេទអាហារកំប៉ុង វេចខ្ចប់មួយចំនួនដែលហួសកំណត់ឬផុតសុពលភាពប្រើប្រាស់។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃចន្ទ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨ នៅតាមស្តង់លក់ដូរក្នុងផ្សារថ្មីស្ថិតក្នុងភូមិ១៣មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ អាហារកំប៉ុងវេចខ្ខប់ដែលផុតកំណត់ប្រើប្រាស់ត្រូវបានធ្វើកំណត់ហេតុដកហូតនោះនឹងត្រូវយករក្សាទុកហើយបន្ទាប់មកខាងជំនាញនឹងសុំគោលការណ៍ទៅតំណាងអយ្យកាអមសាលាដំបូងខេត្តដើម្បីរៀបចំការបំផ្លាញចោល (ដុតបំផ្លាញឬកប់ចោល)នៅពេលក្រោយ ។
លោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច បានអប់រំណែនាំដល់ក្រុមអាជីវករលក់ដូរដោយសុំឲ្យពួកគាត់ឈប់ដាក់លក់នូវប្រភេទទំនិញកំប៉ុង និងអាហារវេចខ្ចប់គ្រប់ប្រភេទដែលផុតកំណត់ឬហួសសុពលភាពប្រើប្រាស់ ។ លោកបានអំពាវនាវសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ពេលនាំគ្នាទិញទំនិញដែលជាប្រភេទអាហារកំប៉ុងវេចខ្ចប់យកមកប្រើប្រាស់នោះសូមពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ ពីព្រោះប្រភេទអាហារដែលផុតកាលបរិច្ឆេទប្រើប្រាស់ទាំងនោះវានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់លោកអ្នកខ្លាំងណាស់ ៕ សហការី