ព័ត៌មានទាន់ហេតុការណ៍៖

ប្រហិតគ្រប់ប្រភេទ និងតៅហ៊ូ ៤៥០ គីឡូក្រាមខូចគុណភាព ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅពេលថ្មីនេះ កម្លាំងសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ចាប់បានទំនិញខូចគុណភាពចំនួន ៤៥០គីឡូក្រាម ដែលលួចបង្កប់ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅភូមិ១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ។

អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកទីផ្សារ លោក ហុង លៀង បានឲ្យដឹងថា ទំនិញដែលជំនាញដកហូត និងយកមកដុតកម្ទេចចោលនេះមានដូចជា ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់មាន់ តៅហ៊ូ ប្រហិតត្រីឆ្លាម ប្រហិតសាច់ជ្រូក ដែលគេផ្លាសេទឹកកកមិនដល់ទើបដូច្នេះហើយ ទើបធ្វើឲ្យខូចគុណភាពហួសកាលបរិច្ឆេទ ត្រូវបានយកទៅដុតកម្ទេចចោលកាលពីរសៀលថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ ។

លោក ហុង លៀង បានបន្តទៀតថា ការដុតបំផ្លាញទំនិញខូចគុណភាពនេះធ្វើឡើងដើម្បីដាស់តឿនដល់បងប្អូនពលរដ្ឋ គួរចៀសវាងក្នុងការទិញទំនិញដែលខួចគុណភាព យកទៅបរិភោគ អាចមានផលប៉ះពាល់ ដល់សុខភាព ឬក៏កើតមានអាការៈជំងឺផ្សេងៗកើតឡើងទៅអនាគត។

លោក ហុង លៀង បន្តថា ទាំងអស់នេះហើយ ដែលមន្រ្តីកាំកុងត្រូល តែងតែចុះធ្វើការអប់រំនៅតាមទីផ្សារ សាលារៀន ឬកន្លែងផ្សេងៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ពីរបស់របរដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មិនគួរទិញយកមកទទួលទាន ៕ សហការី


ចែករំលែក៖