ខេត្តកំពង់ធំ៖ ហេតុការណ៍រន្ទះបាញ់មួយបានកើតឡើងនៅវេលាម៉ោង៣និង៤០ នាទីរសៀល ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែកមរា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ចោលប្តី និងកូន៤នាក់ ។
លោកអនុសេនីយ៍ឯក អ៊ាត គឹមអ័ន អធិការរងស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ រ៉ុន ភេទស្រី អាយុ ៣៧ឆ្នាំ ប្តីឈ្មោះ ហម ហយ អាយុ៤៨ឆ្នាំ មុខរបកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានកូនបួននាក ស្រីពីរ ប្រុសពីរ បានត្រូវរន្ទះបាញ់ស្លាប់នៅពេលដែលជនរងគ្រោះកំពុងដងទឹកអណ្ដូងនៅមុខផ្ទះ។
សាក្សីថា គេឃើញស្ត្រីរងគ្រោះចុះដើរពីផ្ទះទៅដងទឹកអណ្តូងខណៈផ្ទៃមេឃកំពុងតែខ្មៅងងឹត និងមានភ្លៀងរលឹមតិចៗ ស្រាប់តែមានផ្លេកបន្ទោលឆ្វាចឡើងលាយមកជាមួយនឹងរន្ទះបាញ់ក្ឌាំងឡើង ស្រាប់តែគេក្រឡេកឃើញស្ត្រីរងគ្រោះដេកដួលនៅក្បែរមាត់អណ្តូងទឹកស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុ ត្រូវបានសាច់ញាតិជិតខាងនាំគ្នាជួយសង្គ្រោះដែរ តែមិនអាចជួយបាន សាកសពត្រូវបានសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី