ភ្នំពេញ៖ មានហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែលស្ដ្រីវ័យចំណាស់ម្នាក់ ជាចុងភៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ចក-ជេ & ដាប់បែលយូ ហ្គាមេន (ខេមបូឌា) ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរោងហូបបាយរបស់កម្មករ កម្មការនី ដោយសង្ស័យថា ខ្យល់គរ កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែកមរា ឆ្នាំ២០១៨ នៅចំណុចក្នុងរោងចក្រ កាត់ដេសម្លៀកបំពាក់ ចក-ជេ & ដាប់បែលយូ ហ្គាមេន (ខេមបូឌា) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពស្ដ្រីវ័យចំណាស់ខាងលើមានឈ្មោះ វ៉ន ចាន្នី អាយុ៥១ឆ្នាំមុខរបរ ចុងភៅក្នុងរោងចក្រខាងលើ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតភូមិពៀង ឃុំព្រែកកំបៅ ស្រុកកងមាស ខេត្ដកំពង់ចាម ។
យោងតាមសម្ដីសន្ដិសុខដែលយាមរោងចក្រខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញស្ដ្រីរងគ្រោះខាងលើ បានចូលមករោងចក្រតាំងពីវេលាម៉ោង៥ព្រឹកថ្ងៃកើតហេតុនេះ ដើម្បីមកជួបប្រជុំជាមួយថៅតែរោងចក្រ ប៉ុន្ដែមិនទាន់ដល់ម៉ោងស្ដ្រីរងគ្រោះ ក៏បានទៅដេកបន្ដនៅលើកៅអីកន្លែងហូបបាយរបស់កម្មករ កម្មការនី ។ លុះដល់ម៉ោង៨ព្រឹកថ្ងៃដដែលនោះ សន្ដិសុខនៅក្នុងរោងចក្របានដើរទៅ ដាសស្ដ្រីរងគ្រោះឲ្យក្រោកទៅប្រជុំ តែដាសមិនក្រោក ទើបសន្ដិសុខដើរទៅហៅ គ្រូពេទ្យប្រចាំរោងចក្រមកពិនិត្យទើបដឹងថា ស្ដ្រីវ័យចំណាស់ខាងលើនេះស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើក សាកសពស្ដ្រីរងគ្រោះខាងលើទើបឲ្យដឹងថា ស្លាប់ដោយសារខ្យល់គ ពិតប្រាកដមែន ។ ចំណែកសាកសពស្ដ្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ