ភ្នំពេញៈ ដើម្បីលើកស្ទួយនូវសោភ័ណភាព ក៏ដូចជាលុបបំបាត់ ការបិទផ្សាយពាណិជ្ជកម្ម (Sticker Banner) តាមរយៈខិតប័ណ្ណតូចៗ ដែលក្រុមហ៊ុនឯកជន ឬបុគ្គលឯកជនមួយចំនួន បានប្រើប្រាស់ ដោយយកបង្គោលភ្លើងបំភ្លឺផ្លូវ សសរបង្គោលអគ្គិសនី របងឬជញ្ជាំង នៅតាមតំបន់សួនច្បារសារធារណៈ ដើម្បីបិទខិត្តប័ណ្ណ ផ្សព្វផ្សាយសេចក្តីជូនដំណឹង ឬតាមបែបពាណិជ្ជកម្មផ្សេងៗ នោះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៤ កើតខែ មាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានដើរបកខិត្តប័ណ្ណផ្សព្វផ្សាយ ដែលបិទពាសវាលពាសកាលលើបង្គោលភ្លើង តាមសួនសាធារណៈជាច្រើនកន្លែងនោះចេញជាបណ្តើរៗ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ក្រោមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាជាមួយអាជ្ញារធរមូលដ្ឋាន បានដើរបកចេញ នូវខិតប័ណ្ណទាំងនេះដើម្បី ធ្វើយ៉ាងណារក្សាឲ្យបាននូវសោភ័ណភាព ទីធ្លាសាធារណៈ ឲ្យកាន់តែប្រសើរ និងរក្សាបាននូវសោភ័ណភាព ក្នុងការទាក់ទាញភ្ញៀវជាតិអន្តរជាតិបន្ថែមទៀត។
ដោយមើលឃើញភាពអនាធិបតេយ្យបែបនេះ លោក សាំ ពិសិដ្ឋ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានស្នើដល់ ក្រុមហ៊ុនឯកជន ឬបុគ្គល ដែលតែងតែប្រើប្រាស់ ខិតបណ្ណតូចៗទាំងអស់នោះ ទៅបិទនៅលើបង្គោលភ្លើង តាមទីកន្លែងសាធារណៈនោះ មេត្តាបញ្ឈប់សកម្មភាពទាំងនេះភ្លាម៕ ស រស្មី