ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់!យុវជនស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ព្រោះតែត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បើកបុក និងកិនអូសជាច្រើនម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យយុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែង រីឯយុវជនម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បើកបុក និងកិនអូសម៉ូតូជាប់ក្រោមរថយន្តចំងាយជាង១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខគ្លីនិក មេគង្គភ្នំពេញ តាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះផល សុវណ្ណវញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យស៊ីសុវត្ថិ ស្នាក់នៅផ្ទះជួលលេខ៣២ ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។ ចំណែកតៃកុងរថយន្តឈ្មោះ ឃុត សុភាព ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតនៅភូមិ ត្រពាំងច្របក់ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមសាក្សីនៅចំណុចកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N 8924 បើកបរដោយយុវជនម្នាក់ និងម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកសុីម៉ងត៍ ក្រុមហ៊ុនជីបម៉ុង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ហើយបានបុកម៉ូតូ និងកិនបណ្តាលឲ្យអ្នកជិះបែកក្បាលម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់ទាំងម៉ូតូនៅជាប់ខាងក្រោមរហូតបានចម្ងាយប្រហែល១០០ម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចរាចរណ៍ជើងគោករាជធានីដើម្បីចុះមកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖