ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេចរត់រួចម្នាក់ និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវកម្លាំងងសមត្ថកិច្ចប៉ុស្ដិ៍ផ្សារថ្មីទី២ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីបុរសនារីជាជនជាតិបរទេសពីរនាក់តែមិនបានសម្រេច។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង២២និង៤៥នាទី ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតធរនាគារ អេសុីលីដា តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅម្ដុំសូរិយាម៉ល ចំណែកបក្ខពួកម្នាក់រត់គេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពម៉ាក ស៊ុយស៊ូគីស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1E-9988 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដែលជនជាតិបរទេសប្រុស ស្រីពីរនាក់ដើរបណ្ដើរគ្នាតាមបណ្ដោយមហាវិថីព្រះមន្នីវង្សទិសដៅពីជើងទៅត្បូង (បញ្ច្រាសផ្លូវ) ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះតែត្រូវជនរងគ្រោះទាញមកវិញ ធ្វើឲ្យម៉ូតូជនសង្ស័យវិលមួយជុំដួល និងស្រែកឆោឡោផ្អើលប្រជាពលរដ្ឋធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូរួចខ្លួនម្នាក់ និងម្នាក់ទៀតត្រូវប្រជាពលរដ្ឋចាប់វាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ កសាងសុំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖