ព័ត៌មានទាន់ហេតុការណ៍៖

បិទយានដ្ឋានគ្មានច្បាប់ចំនួន៦កន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួល ក្រោយពីធ្វើការផ្សព្វផ្សាយឲ្យពួកគាត់ទៅបំពេញបែបបទផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌទួលគោក បានចុះបិទអាជីវកម្មយានដ្ឋានគ្មានច្បាប់ចំនួន៦កន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួល ក្រោយពីធ្វើការផ្សព្វផ្សាយឲ្យពួកគាត់ទៅបំពេញបែបបទផ្លូវច្បាប់ នៅសាលាខណ្ឌទួលគោក ជាច្រើនដង ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ១៨០ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃតំឡើងយានយន្តគ្រប់ប្រភេទ មើលឃើញថា មានប្រជាពលរដ្ឋមួយចំនួនធំ បានមកបំពេញកាតព្វកិច្ចចុះបញ្ជីធ្វើអាជីវកម្ម និងគោរពតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ក្នុងនោះក៏មានប្រជាពលរដ្ឋដែលបើកអាជីវកម្មមួយចំនួន មិនបំពេញកាតព្វកិច្ចចុះបញ្ជីធ្វើអាជីវកម្ម និងគោរពតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែរ ទើបនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌទួលគោក ចុះបិទអាជីវកម្មយានដ្ឋានគ្មានច្បាប់ចំនួន៦កន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួល ខណៈដែរពិនិត្យឃើញថា មិនមានច្បាប់ត្រឹមត្រូវ។

លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវ ឲ្យម្ចាស់អាជីវកម្មយានដ្ឋានមកបំពេញកាតព្វកិច្ចចុះបញ្ជីស្របតាមច្បាប់ឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា កន្លងមកអាជ្ញាធរខណ្ឌទួលគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានព្រមានរួចហើយ ថានឹងបិទយានដ្ឋានជួសជុលរថយន្តជាង១០០កន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បើនៅតែមិនព្រមធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរ និងមន្ទីរជំនាញ ខណៈដែលមានយានដ្ឋានជាង១០០កន្លែងផ្សេងទៀត គេបានរួសរាន់ធ្វើច្បាប់ត្រឹមត្រូវហើយនោះ។ ការព្រមានបែបនេះ បានធ្វើឡើងកាលថ្ងៃទី១៥ វិច្ឆិកា ក្នុងកិច្ចជុំមួយជាមួយម្ចាស់អាជីវកម្មយានដ្ឋានជួសជុលរថយន្ត ដែលមានមូលដ្ឋាននៅក្នុងខណ្ឌទួលគោក ដើម្បីឲ្យពួកគាត់បំពេញច្បាប់ឲ្យបានត្រឹមត្រូវ។

លោកស្រី បុផ្ផា ផានី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ការកោះហៅម្ចាស់យានដ្ឋានមកប្រជុំនេះ គឺដើម្បីឲ្យពួកគាត់ទៅបំពេញច្បាប់បើកយានដ្ឋាន ហើយក្រោយបញ្ចប់ ស្នើផ្តល់ព័ត៌មាន មកលោកស្រីនឹងចុះធ្វើច្បាប់ជូន ។ បើនៅតែមិនព្រមធ្វើច្បាប់ ខាងមន្ទីរ និងសហការជាមួយអាជ្ញាធរដែនដី នឹងចុះបិទនៅក្នុងខែធ្នូ ចុងឆ្នាំ២០១៧ ខាងមុខនេះ ដោយសារតែច្បាប់នេះបានកំណត់ បើហួសពីខែ១២ ទៅគឺមិនចេញច្បាប់អោយទេ ។ ដូច្នេះនៅចន្លោះពេលនេះ លោកស្រីស្នើឲ្យប្រជាពលរដ្ឋម្ចាស់យានដ្ឋានទាំងអស់ ត្រូវមកធ្វើច្បាប់ឲ្យបានគ្រប់គ្នា និងអោយបានទាន់ពេល។

លោកស្រី បានបញ្ជាក់ថា ហេតុអ្វីបានជាយើងជំរុញឲ្យមានច្បាប់ ដោយសារតែយានដ្ឋានខ្លះកែច្នៃមិនមានស្តង់ដាបច្ចកទេស ប្រឈមនឹងបើកបរទៅជួបគ្រោះថ្នាក់ ដូចជាតទ្រុង លើសទម្ងន់ តឡានជា២ ជា៣កំណាត់ជាដើម។ លោកស្រីបញ្ជាក់ថា មិនគោរពច្បាប់ គឺមានទោស មិនមែនចេះតែធ្វើស្រេចតែចិត្តទេ ហើយបើយោងតាមលិខិតពីក្រសួងសាធារណការ និងដឹកជញ្ជូន គឺសម្រេច ចុះបិទអាជីវកម្មយានដ្ឋានអត់ច្បាប់ទាំង១២ខណ្ឌ នៅខែធ្នូ ចុងឆ្នាំ២០១៧ នេះតែម្តង៕ ស តារា


ចែករំលែក៖