ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​បញ្ជូន​ចោរជំនាញខាងលួចឡានស៊េរីទំនើប​ មក​តុលាការ​

ចែករំលែក៖

ភ្នំពេញ​៖ ​មន្ត្រី​ជំនាញនៃការិយាល័យស្រាជ្រាវបទល្មើសព្រហ្មទណ្ឌ និងកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បញ្ជូនជនសង្ស័យម្នាក់ ដែលជាតៃកុងឡានពាក់ព័ន្ធករណីលួចរថយន្តស៊េរី មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់តាមច្បាប់​ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

ជនសង្ស័យឈ្មោះ អ៊ុក ចាន់ដារ៉ា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ ក្រោយពេលជនសង្ស័យ លួចរថយន្តមួយគ្រឿង ម៉ាក​​ LEXUS 570​ ពណ៌ស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

សមត្ថកិច្ចអាវុធហត្ថបាន​ឱ្យ​ដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុង ដែលស៊ីឈ្នួលបើកឡាន​ឱ្យ​លួចយករថយន្តមួយគ្រឿងម៉ាក Luxes 570 ហើយគេចខ្លួនបាត់ នៅចំណុចហាងកាហ្វេ ផ្លូវ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលតៃកុងឡានម្នាក់នេះ ជូ​នរូបគេទៅផឹកកាហ្វេនៅទីនោះ។

លុះនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយក្រោយពេលទទួលពាក្យ​បណ្តឹង កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្ដនិងឃាត់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុច​ម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា សកម្មភាពលួចរថយន្តតាមស្ទីលបែបថ្មីនេះ គឺដំបូងឡើយរូបគេដើរដាក់ CV តាមក្រុមហ៊ុន និងអ្នកមានមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត នៅពេលណាមានឱកាស ទើបលួចយករថយន្ត​គេចខ្លួនតែម្តង។ ជាក់ស្តែងសកម្មភាពលើកនេះ មិនមែនជាលើកទី១ទេ កាលពីអំឡុងឆ្នាំ២០១៧ រូបខ្លួនក៏ធ្លាប់បានទៅបើកបរ ឲ្យថៅកែជនជាតិកូរ៉េ០១នាក់ និងបានលួចយករថយន្ដ០១គ្រឿងម៉ាក BMW ម្តងរួចមកហើយ៕ ចេស្តា

 


ចែករំលែក៖