ព័ត៌មានទាន់ហេតុការណ៍៖

ចោរវៀតណាមពីរនាក់ចូលលួចម៉ូតូដល់កាស៊ីណូ លី តេងអាន ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ: កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនសំណុំរឿង និងជនសង្ស័យចំនួន២នាក់ ពីបទលួចម៉ូតូអ្នកដទៃទៅតុលាការ បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួចម៉ូតូគេ កាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័កព. ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ស្ថិតនៅមុខកាស៊ីណូ លី តេងអាន នៅក្នុងភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ង្វៀង ហ្វាងមិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិវ៉ាឡឺយ ឃុំភូហៀប ស្រុកភូតឹង ខេត្តអាងយ៉ាង វៀតណាម និងទី២ឈ្មោះ ឡេ យ៉ាំងហ្វា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិហ៊ឹងឡឺយ ឃុំដាវហ៊ូ ស្រុកចូវភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។ នៅថ្ងៃកើត ពួកគេទាំងពីរនាក់បានលបលួចកាច់សោ.កម៉ូតូមួយគ្រឿង ដែលជនរងគ្រោះដាក់នៅមុខកាស៊ីណូលី តេងអាន តែត្រូវសមត្ថកិច្ចដឹងទាន់ក៏ តាមចាប់ខ្លួនទាល់តែបាន រួចបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តតាកែវ កសាងសំណុំរឿងតាមច្បាប់ ៕ សហការី


ចែករំលែក៖