ភ្នំពេញ៖ ប្រភពច្បាស់ការបានឱ្យដឹងថា ជនត្រូវចោទ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នឹងត្រូវបញ្ជូនមកសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ។
សវនាការនេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និង លោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្និដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕ ចេស្តា