ខេត្តកំពត៖ កូន២នាក់បានស្លាប់នៅ តាមផ្លូវ ឯម្តាយត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តតាកែវបន្ទាប់ពីដេកនៅផ្ទះសំណាក់យីហោសុខមនោរម្យ ស្ថិតក្នុង ភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ត កំពតអស់រយៈពេល២ថ្ងៃរួចមក ។
ស្នងការនគរបាលខេត្តកំពតលោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថា មូលហេតុដែលនាំឲ្យក្មេងប្រុសទាំង២នាក់ ស្លាប់នោះដោយសារតែស្រ្តីជាម្តាយដាក់ថ្នាំពុលនៅក្នុងបាយឲ្យកូនហូបហើយខ្លួនឯងក៏ហូបដែរតែត្រូវបានប្តីមកទាន់ដឹកយកទៅសង្គ្រោះរួចពីស្លាប់។ តែយ៉ាងណា ក៏ដោយបើតាមលោកស្នងការឲ្យដឹងថា ម្តាយរូបនេះនឹងចាត់វិធានការតាមច្បាប់ដែល បានសម្លាប់កូនខ្លួនឯង ។
មន្ត្រីនគរបាលស្រុកអង្គរជ័យបានឲ្យ ដឹងថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨មានមនុស្សស្លាប់នៅផ្ទះសំណាក់យីហោសុខមនោរម្យស្ថិតនៅភូមិ-ឃុំខាង លើ។ ភ្លាមនោះសមត្ថកិច្ចស្រុកបានចុះ ដល់កន្លែងកើតហេតុ ហើយក៏សាកសួរទៅ ម្ចាស់ផ្ទះសំណាក់ៗក៏បានប្រាប់ថា មាន ស្រីម្នាក់ និងកូន២នាក់មកស្នាក់នៅចំនួន២ថ្ងៃហើយចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។
ពេលដែលសមត្ថកិច្ចកំពុងសាកសួរ ម្ចាស់ផ្ទះសំណាក់ខាងលើគាប់ជួនប្តីជនរងគ្រោះ និងជាឪពុកក្មេងៗក៏បានមកដល់ កន្លែងកើតហេតុដែរហើយក៏ដឹកប្រពន្ធ និង កូនៗទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ តែជាអកុសលពេលដឹកទៅដល់ ពាក់កណ្តាលផ្លូវកូន២នាក់បានដាច់ខ្យល់ស្លាប់នៅតែម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
មន្ត្រីនគរបាលដដែលបានបន្តថា ជន រងគ្រោះម្តាយ និងកូនៗរួមមាន ១-ម្តាយ ឈ្មោះ ប៉ាក សុខហេង ២-កូនឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និង៣-កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅឃុំព្រៃ ស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
បុរសជាប្តីឈ្មោះ ហុិន ម៉ាត អាយុជាង ៣០ឆ្នាំ បាននិយាយថា គ្រួសាររបស់គាត់ បានលះលែងគ្នា ប៉ុន្តែមិនទាន់ដាច់ស្រេច ទេ ហើយគាត់បានបង្ហោះហ្វេសប៊ុកភ្ជាប់ពាក្យជាមួយស្រីថ្មីជាហេតុនាំឲ្យប្រពន្ធដើម សម្រេចចិត្តលាយថ្នាំបំពុលជាមួយបាយឲ្យ កូនប្រុស២នាក់ហូបរួមទាំងខ្លួនឯង។ ប៉ុន្តែ ចុងក្រោយស្លាប់កូនទាំង២តែស្ត្រីជាម្ដាយមិនស្លាប់ត្រូវដេកឱបទុក្ខអាចនឹងជាប់ទោស ទណ្ឌទៀតផង ។
ចំណែកមូលហេតុដែលនាំឲ្យមានរឿងបែបនេះកើតឡើងត្រូវបានបុរសជាប្តីឲ្យ ដឹងថា ប្រពន្ធចោទគាត់ថា មានស្រីហើយកើតជារឿងប្រចណ្ឌស្ទើររាល់ថ្ងៃ។ យ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនម្តាយចិត្តអប្រិយទៅសាលា ដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។
នៅពេលនគរបាលខេត្តកំពតសាកសួរស្ត្រីនោះបានសារភាពប្រាប់ថា ខ្លួននិងប្តីបានលែងលះគ្នានៅសាលាឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ហើយមូលហេតុនៃការលែងលះគ្នានេះ គឺបណ្តាលមកពីប្តី ស្រឡាញ់ស្រីថ្មីម្នាក់ទៀត ហើយរស់នៅ ជាមួយគ្នា ខ្លួនជាប្រពន្ធការពេញច្បាប់ និយាយអ្វីក៏មិនស្តាប់ខ្លួនទាល់តែសោះ ។ ស្ត្រីរូបនេះបានឲ្យដឹងទៀតថា «ប្តីខ្ញុំបាននិយាយថា គេសុខចិត្តបោះបង់រូបខ្ញុំ និង កូនប្រុសទាំង២នាក់ ដោយទៅយកប្រពន្ធ ថ្មីវិញ» ។ ស្ត្រីជាប់ចោទសម្លាប់កូនបន្តថា “ខ្ញុំចង់ជួបនាងនោះផ្ទាល់មាត់ តែមិនបាន ជួបទេបានជួបតែតាមទូរស័ព្ទ ហើយមូលហេតុដែលខ្ញុំចង់ជួបនេះដោយចង់និយាយប្រាប់ស្រីម្នាក់នោះឲ្យដឹងថា ខ្ញុំមានកូនដល់ ទៅ២នាក់ ជាមួយប្តីរបស់ខ្លួនទៅ ហើយ តើបងគិតយ៉ាងម៉េចជាមួយប្តីខ្ញុំ? ” ។
ស្ត្រីរូបនេះបន្តទៀតថា ជាចុងក្រោយ ប្តីខ្លួនបាននិយាយថា គេសម្រេចចិត្តជ្រើសរើសយកអ្នកថ្មីហើយ ចំណែកខ្ញុំទៅណាក៏ ទៅចុះ ពេលនោះ ខ្ញុំសុំពេលប្តីរយៈពេល ១០ថ្ងៃ ដើម្បីដោះស្រាយគ្នា តែប្តីខ្ញុំនៅ តែមិនព្រម ខ្ញុំក៏សម្រេចចិត្តនាំកូនប្រុស២ នាក់ ចាកចេញពីផ្ទះ នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ដោយមធ្យោបាយម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៤ មួយគ្រឿង ដឹកកូនប្រុស២នាក់ មកជួលផ្ទះសំណាក់ ឈ្មោះ សុខមនោ ឃុំភ្នំកុង ខេត្តកំពត ដេក រយៈពេល២យប់ ។
លុះនៅវេលាម៉ោងប្រហែលជា៨យប់ថ្ងៃទី២៩ ខែមករា ខ្លួនក៏បានទៅទិញថ្នាំ ងងុយដេកចំនួន៤ បន្ទះ ក្នុងនោះថ្នាំល្អ៣ បន្ទះ មិនល្អ១បន្ទះ ។ នៅក្នុងយប់នោះ ខ្លួនដេកមិនលក់ទេនៅម៉ោងជិត៩យប់ កូនខ្លួនទាំង២នាក់បានលេបថ្នាំងងុយដេកអស់២បន្ទះ ។ លុះដល់ម៉ោង១២យប់ ខ្លួនក៏លេបថ្នាំងងុយដេកអស់២បន្ទះ និងថ្នាំស្លពណ៌ខ្មៅ (ថ្នាំខ្មែរ) អស់ចំនួន៦០គ្រាប់ ដើម្បីបញ្ចប់ជីវិតតែមិនស្លាប់គ្រាន់តែមានអាការវិលអាចនៅនិយាយបានតែកូនទាំង២ខ្លួនគិតថា ប្រហែលជាស្លាប់ទៅហើយ ។
លុះព្រឹកឡើងម៉ោង៦ជាង ថ្ងៃទី៣០ ខែ មករានេះ ខ្លួនបានទូរស័ព្ទប្រាប់ប្តីថា កូន យើងទាំង ២នាក់បានស្លាប់ទៅហើយ ។ ចំណែកខ្លួនម៉ោងប្រហែលជា១០ព្រឹកថ្ងៃ ដដែលត្រូវបានបងប្អូនខ្លួនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ លុះអាការពុល រាងធូរស្រាលបន្តិច នៅល្ងាចថ្ងៃដដែលក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីរពេទ្យខេត្តកំពតតាមការស្នើរបស់សមត្ថកិច្ច ជំនាញការិយាល័យនៃស្នងការដ្ឋាននគរខេត្ត ដើម្បីសាកសួរជុំវិញករណីបំពុលថ្នាំសម្លាប់កូនប្រុស២នាក់នៅក្នុងផ្ទះសំណាក់កាលពីយប់ថ្ងៃទី២៩ ខែមករា ។
លោកវរសេនីយ៍ទោ ឈិន ឈាងនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពតថា ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតដោយចេតនាមិនបានសម្រេច ហើយស្លាប់តែកូនប្រុស២នាក់ខាងលើ អាចជាប់ពាក់ព័ន្ធពីករណីប៉ុនប៉ងធ្វើឃាតដោយចេតនា ហើយប្រឈមមុខត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនីតិវិធីនូវពេលជំងឺបានសះស្បើយ ៕ ហេង នរិន្ទ្រ