ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រសេឌូណូបន្តដួលសន្លប់ជាលើកទី២ ជិត២០០នាក់ទៀត

ចែករំលែក៖

ខេត្តតាកែវ៖ យ៉ាងហោចណាស់មានកម្មករកម្មការិនីប្រមាណ១៧៥នាក់ បានដួលសន្លប់ជាលើកទី២ នៅក្នុងរោចចក្រ សេឌូណូ ខេមបូ នីតធីង កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមានករណីដួលសន្លប់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

លោក សៅ ចាន់ថា ប្រធានមន្ទីពេទ្យបង្អែកស្រុកបាទីបានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃខែខាងលើ មានកម្មករកម្មការិនីប្រមាណ១៧៥នាក់ បានដួលសន្លប់សាជាថ្មីនៅក្នុងរោចក្រខាងលើ ហើយត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាទី១៦៦នាក់។ ចំណែកកម្មករកម្មការិនីដែលមានសភាពធ្ងន់ធ្ងរ៩នាក់ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំពោះមូលហេតុដែលធ្វើឲ្យកម្មករកម្មការិនីដួលសន្លប់នេះ គឺបណ្តាលមកពីប្រជាពលរដ្ឋបាញ់ថ្នាំស្រូវនៅក្បែរោចចក្រ ហើយសាយភាយក្លិនពុលចូលក្នុងរោងចក្រ ទើបធ្វើឲ្យកម្មករដួលធុំក្លិនថប់ដង្ហើមដួលសន្លប់ជាបន្តបន្ទាប់តែម្តង៕ ភ្នំដា


ចែករំលែក៖