ព័ត៌មានទាន់ហេតុការណ៍៖

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ

ចែករំលែក៖

ភ្នំពេញ​៖​ ជនត្រូវ​ចោទ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ ពុំ​មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ។

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃទី​០១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ បើក​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ ជា​អសាធារណៈ​ ហើយ​ក្រោយ​បញ្ចប់​សវនាការ​ សាលាឧទ្ធរណ៍​ ពុំ​អនុញ្ញាត​ឱ្យ​លោក​ កឹម​ សុខា​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជូង​ ជូងី​ មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ។

ក្រោយ​សម្រេច​ភ្លាម​ លោក​កឹម​ សុខា​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ វិញ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក​ កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ”ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ “សន្និដ្ឋិភាពជាមួយបរទេស”តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។

ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕ ចេស្តា


ចែករំលែក៖