ភ្នំពេញ៖ រថយន្តទំនើបគ្មានពន្ធមួយគ្រឿង ដោយមួយគ្រឿងម៉ាកឡិចស៊ីសLX៥៧០ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ (ខ.ម)២.៥៧១៣ ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះចាប់ដូចភ្លៀងរលឹម ប៉ុន្តែប្រជាពលរដ្ឋសង្ឍឹមថា ការចាប់រថយន្តគ្មានពន្ធទាំងអស់នេះនិងមានតម្លាភាព ដោយអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមែនជាល្ខោនគ្រាន់តែសម្តែងនៅចំពោះមុខប្រជាពលរដ្ឋ តែនៅក្រោយខ្នងវិញបែរជាដោះលែងតាមក្រោយ ជាក់ស្តែងក្នុងប្រតិបត្តិការនោះគេឃើញឃាត់រថយន្តស៊េរីទំនើប៣គ្រឿង មួយគ្រឿងម៉ាកវីហ្គូល និង២គ្រឿងទៀតម៉ាកឡិចស៊ីសLX៥៧០ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ (ខ.ម) ។
ករណីឃាត់រថយន្តស៊េរីទំនើបគ្មានពន្ធខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមន្ទីរពេទ្យកាលម៉ែតអាគារជំងឺបេះដូង ក្បែរស្ថានទូតបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថ បានចុះឃាត់រថយន្តទំនើប៣គ្រឿងនោះ មានរថយន្តឡិចស៊ីស៥៧០ មួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ០២ (ខ.ម)២.៥៧១៣ គ្មានពន្ធ ។ចំណែកឯរថយន្តវីហ្គូលនិងរថយន្តឡិចស៊ីសLX៥៧០ ពាក់ស្លាកលេខ ខេមរភូមិន្ទ (ខ.ម)ចំនួនពីរគ្រឿងទៀតមានឯកសារត្រឹមត្រូវបានឲ្យត្រលប់ទៅផ្ទះវិញផងដែរ ដោយរថយន្តគ្មានពន្ធមួយគ្រឿង ត្រូវបានបញ្ចូនមកទីស្នាក់ការសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ផងដែរ ។
យោងតាមមន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស ៕ ស តារា