ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងការិយាល័យជំនាញពាក់ព័ន្ធ ចុះពិនិត្យបញ្ហាផ្លូវ បញ្ហាលូស្ទះឲ្យបានជាក់ស្តែងបន្ថែមទៀត ដើម្បីបន្តលើកគម្រោងជួសជុលក្នុងសង្កាត់ផ្សេងៗ ដែលនៅសេសសល់ ដើម្បីដោះស្រាយរំដោះបញ្ហាកក់ស្ទះប្រព័ន្ធលូ។
ជាក់ស្តែង កាលពីថ្ងៃកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញសាធារណៈការខណ្ឌ ចុះត្រួតពិនិត្យ ការស្តារអណ្តូងលូ អូសកៅឡាក់ និងការដ្ឋានស្តារលូនៅផ្លូវលេខ២៨៧ តភ្ជាប់ផ្លូវលេខ៦០៨ និងផ្លូវលេខ២៨៩ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង បង្កការលំបាក ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ត្រូវយកចិត្តទុកដាក់បន្ថែម លើការដោះស្រាយបញ្ហាផ្លូវសម្បុកមាន់ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក៏បានលើកសរសើរលោកអភិបាលខណ្ឌ ដែលបានដឹកនាំកម្លាំងចុះទៅដោយផ្ទាល់ ដើម្បីជួយសម្រួលរើរ កកាយសំរាមដែលកកស្ទះមុខប្រព័ន្ធលូ ងាយស្រួលឲ្យទឹកហូរឆាប់ស្រកឡើងវិញផងដែរ៕ ស តារា