ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយម្នាក់អត់យូរទ្រាំមិនបានចាប់រំលោភក្មេងស្រីតែមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់បានរត់គេចខ្លួនចូលស្រះទឹកបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ ខណៈដែលសមត្ថកិច្ចដេញចាប់ បន្ទាប់ពីធ្វើសកម្មភាពរំលោភនារីម្នាក់ត្រូវជាបងប្អូនជីដូនមួយមិនបានសម្រេច កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា ជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ពុត វិស្ស័យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក ជាបុរសពោះម៉ាយ មានទីលំនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ ចំណែកនារីរងគ្រោះមានឈ្មោះ ស.ស.រ. អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកសុទ្ធ។

ជនរងគ្រោះបានឲ្យដឹងថា ដោយក្រុមគ្រួសារមានជីវភាពក្រីក្រ ខ្វះខាតក៏សម្រចចិត្តចូលធ្វើការជាកម្មកររោងចក្រផលិតទឹកសុទ្ធ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមក្រពះ។

ប្រភពបន្តថា មុនកើតហេតុវេលាម៉ោង10យប់ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នាងបានអង្គុយលេងនៅមុខផ្ទះតែម្នាក់ឯង មួយសន្ទុះក្រោយមក ជនសង្ស័យក៏ដើរចូលមកក្បែររួចក៏ធ្វើសកម្មភាពចាប់ខ្ទប់មាត់នាង ប៉ុន្តែត្រូវបានរើបម្រាស់ចេញក៏បង្កការភ្ញាក់ផ្អើលតែម្ដង។

លុះព្រឹកឡើងនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ៕ យឹម សុថាន


ចែករំលែក៖