ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកលឿនជ្រុលបុកម៉ូតូហើយបន្តបុកដើមឈើបាក់មួយដើមនិងចូលរោងកាហ្វេរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿង បានបើកលឿនក៏ជ្រុលបុកម៉ូតូគុបជ្រុងមួយគ្រឿង បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ហើយបន្តទៅបុកដើមឈើមួយដើមទៀត បណ្តាលឲ្យបាក់ដួលរៀបស្មើដល់ដីហើយនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកចូលហាងកាហ្វេមួយកន្លែងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខសាលាសុវណ្ណភូមិ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់វ័យប្រហែល១៥ឆ្នាំ ជិះម៉ូតូម៉ាក គុបជ្រុង ពណ៌ខៀង ពាក់ស្លាកលេខ ភ្នំពេញ1FJ 5981 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសផ្លូវ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D 1109 បើកបរដោយបុរសម្នាក់ និងមានម្នាក់ទៀតរួមដំណើរជាមួយក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿន ហើយបំណងបត់ចូលផ្លូវបេតុងច្រកសាលាសុវណ្ណភូមិ ក៏ជ្រុលបុកម៉ូតូបណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កក៏ជ្រុលបុកដើមឈើមួយដើមទៀត បណ្តាលឲ្យបាក់អស់មួយដើមទៀតបាក់រាបស្មើដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកចូលហាងកាហ្វេមួយកន្លែងទៀតបណ្តាលឲ្យបុរសម្នាក់ដែលឈរនៅទីនោះរងរបួសស្រាល។

ក្រោយកើតហេតុតៃកុងរថយន្ត និងព្រូបានចុះពីរថយន្តហើយគេចខ្លួនបាត់ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖