សកម្មភាព បញ្ជូនកម្លាំងទាហានចូល វាយប្រហារក្រុមឧទ្ទាមឃើដនៅក្នុងប្រទេសស៊ីរី ដោយកម្លាំងថ្មើរជើងទួរគីត្រូវបានគេចាត់ទុកថាជាសកម្មភាពឈ្លានពានទឹកដីស៊ីរី ។ប្រទេសជាច្រើនបានស្នើឲ្យទួរគី រក្សាការអត់ធ្មត់ បញ្ចៀសការសម្លាប់ពល រដ្ឋស្លូតត្រង់ ។ កន្លងមកប្រធានាធិបតី អាមេរិកក៏បានស្នើដល់ទួរគី រក្សាការអត់ ធ្មត់ដែរ។
នៅពេលនេះដែរ ប្រធានាធិបតីអេមម៉ានុយអែល ម៉ាក្រុងបានចេញមុខព្រមាន ទួរគីត្រង់ៗពីឆន្ទៈចូលឈ្លានពានប្រទេសស៊ីរី។ ការព្រមានរបស់ប្រមុខរដ្ឋបារាំង ពេលនេះបានធ្វើឡើង ចំពេលដែលកម្លាំង ទ័ពអាកាសទួរគី រួមជាមួយកម្លាំងសម្ពន្ធ មិត្តអារ៉ាប់កំពុងបន្តការវាយប្រហារលើពួកគួដឌីស្ថាននៅតំបន់អាហ្រ្វីនក្នុងទឹកដីស៊ីរី។ សូមជម្រាបជូនថា ពួកគួដឌីស្ថានស៊ីរីត្រូវបានអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជាសម្ពន្ធមិត្តនៅក្នុងយុទ្ធនាការប្រឆាំងនឹងពួកជីហាដអង្គការរដ្ឋ អ៊ិស្លាម តែទួរគីចាត់ទុកជាពួកភេរវជន។
ប្រតិកម្មព្រមានរបស់លោកប្រមុខរដ្ឋបារាំងម៉ាក្រុងត្រូវបានកាសែតបារាំងមួយឈ្មោះ Le figaro ចុះផ្សាយនៅក្នុងអត្ថបទមួយលើគេហទំព័ររបស់ខ្លួននាថ្ងៃពុធ ទី៣១ មករា។ លោកម៉ាក្រុងបានបញ្ជាក់ ច្បាស់ៗថា លោកមិនជំទាស់ទេ ប្រសិនបើការវាយប្រហាររបស់ទ័ពទួរគីមានគោលដៅកម្ទេចពួកភេរវជនដែលកំពុងគំរាម កំហែងនៅតាមបណ្តោយព្រំដែនទួរគីមែននោះ តែអ្វីដែលលោកបារម្ភ គឺខ្លាចតែប្រតិបត្តិការមួយនេះមានឆន្ទៈ និងគោលដៅ ចូលឈ្លានពានទឹកដីស៊ីរី។ បើវាដូច្នេះមែន កិច្ចសហប្រតិបត្តិការនោះពិតជាបង្កឲ្យ មានបញ្ហាដល់យើងជាមិនខាន នេះជា ការបន្ថែមរបស់លោកម៉ាក្រុង។
ជាថ្មីម្តងទៀត លោកម៉ាក្រុងបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន និងភាពអត់ធ្មត់ រួចលើកឡើងពីក្តីបារម្ភរបស់បារាំង។ តាម លោកម៉ាក្រុងបញ្ជាក់ថា ប្រតិបត្តិការដឹកនាំដោយទួរគីពេលនេះគួរតែមានការជជែក និងការសម្រេចរវាងប្រទេសអឺរ៉ុប ពិសេស ក្រុមសម្ពន្ធមិត្ត និងថា លោកនឹងលើកយកបញ្ហានេះទៅជជែកជាមួយលោកប្រធានាធិបតីទួរគីអ៊ែរដូហ្កាននាពេលខាងមុខ។ លោកម៉ាក្រុងបានបញ្ជាក់ពីបំណងចង់ធ្វើការជាមួយហ្ស៊កដានីដែលជាប្រទេសទទួលជនភៀសខ្លួនច្រើនជាងគេ និងដែលលោកចាត់ជាតួអង្គសំខាន់នៅក្នុងដំណើរស្វែង រកដំណោះស្រាយរួមមួយជាមួយប្រទេសអារ៉ាប៊ីសាអូ៊ឌីត អាមេរិក និងប្រទេស អេហ្ស៊ីប។
លោកម៉ាក្រុងបានយល់ឃើញថា ហេតុ ផលស្ថិរភាព និងការការពារព្រំដែនដែលលើកឡើងដោយទួរគីជារឿងត្រឹមត្រូវ តែគេមិនអាចមានសន្តិសុខនៅលើទឹកដីខ្លួនឯងដោយមិនគោរពអធិបតេយ្យប្រទេសស៊ីរីដោយចូលវ៉ៃពួកគួដឌីស្ថានដែលលែងជាពួកជីហាដអង្គការរដ្ឋអ៊ិស្លាមនោះទេ។ លោកនាយករដ្ឋមន្រ្តីទួរគីប៊ីណាលី យីលឌី រីមបានឆ្លើយតបភ្លាមៗថា គំនិតយល់ឃើញរបៀបនេះរបស់លោកម៉ាក្រុងមិនត្រឹមត្រូវទាល់តែសោះ និងថា ពិភពលោកដឹង និង ត្រូវតែដឹងថា ទួរគីមិនមែនធ្វើសកម្មភាពក្នុងគោលដៅឈ្លានពានទេ។
តាមលោកយីលឌីរីម កម្មវត្ថុនៃប្រតិបត្តិការរបស់ទួរគីនៅអាហ្រ្វីនក្នុងទឹកដីស៊ីរីពេលនេះមិនខុសគ្នានឹងប្រតិបត្តិការដែលទួរគីបានធ្វើនៅប៉ែកខាងជើងស៊ីរីកាលពីខែ សីហា ឆ្នាំ ២០១៦ នោះឡើយ ពោលគឺ ដើម្បីកម្ចាត់ពួកជីហាតដអង្គការរដ្ឋអ៊ិស្លាម និងកម្លាំងប្រដាប់អាវុធគួដឌីស្ថាន៕ ម៉ែវ សាធី