ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនឪពុកបង្កើត​ចាប់កូនរំលោភបានសម្រេចជាច្រើនដង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសសង្ស័យជាឪពុកបានរងការចាប់ខ្លួន​ពីនគរបាលខេត្តបន្ទាយមានជ័យ ក្រោយប្រពន្ធបានប្តឹងទៅសមត្ថកិច្ចបែកធ្លាយចាប់រំលោភកូនស្រីខ្លួនឯងបង្កើតបានសម្រេចជាច្រើនដង ។

ចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យឆ្លងដែនពីថៃ ចូលមកទឹកដីខ្មែរវិញ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបណ្តឹងរបស់ម្តាយក្មេងរងគ្រោះ ដែលជាប្រពន្ធជនសង្ស័យក្នុងសំណុំរឿងរំលោភសេពសន្ថវៈមកលើកូនស្រីខ្លួនឯងសម្រេចជាច្រើនលើក កម្លាំងនគរ​បាល​ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានដែលមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក៏បានទទួលដំណឹងថា ជនសង្ស័យត្រូវចេញមកពីប្រទេសថៃចូលទឹកដីក្រុងប៉ោយប៉ែត នៅថ្ងៃខាងលើ កម្លាំងនគរបាលក៏បានចាំស្ទាក់ចាប់ជនសង្ស័យជាឪពុកឈ្មោះឈុន សារុំ អាយុ៣៤ឆ្នាំ រស់នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកនាយការិយាល័យបានប្រាប់ឲ្យដឹងទៀតថា ក្នុងសំណុំរឿងដែលមានការរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះ ជនសង្ស័យជាឪពុកបានចាប់បង្ខំកូនស្រីបង្កើតដែលមានអាយុទើប១២ឆ្នាំ ដោយរំលោភទាំងនៅស្រុកខ្មែរ និងនៅស្រុកថៃ ក្នុងអំឡុងខែឧសភា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០១៧មកម្ល៉េះ គឺបានសម្រេចជាច្រើនដង ​ខណៈពេលប្រពន្ធមិននៅផ្ទះ ក្រោកទៅលក់ដូរនៅផ្សារថៃ ហើយជនសង្ស័យបានដេកប្រឡែងលេងជាមួយកូនស្រី រហូតមានចំណង់អារម្មណ៍ផ្លូវភេទ ហើយក៏បានធ្វើសកម្មភាព។ ការបែកធ្លាយនេះ ដោយសារតែកូនស្រីបាននិយាយ​រៀបរាប់ប្រាប់ម្តាយនៅពេលដែលឪពុកចាប់រំលោភជាលើកចុងក្រោយ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាពទទួលកំហុសនៃសកម្មភាពដែលរូបគេបានប្រព្រឹត្តមកលើកូនខ្លួនឯងនោះមែន ដោយសារខ្លួនស្រវឹងស្រា និងមោហៈបាំង ។

ជនសង្ស័យ ក្រោយពីបានធ្វើការសាកសួរតាមជំនាញរួចមក នៅព្រឹកថ្ងៃព្រហ្បតិ៍ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖