ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញ ដេញតាមបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី ពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សាធារណៈបានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួនតែគេចមិនផុតពីសមត្ថកិច្ច ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង៣នាក់ ទី១-ឈ្មោះ មួង សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវ លំ ក្នុងភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ទី២-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ ស្នាក់នៅផ្ទះ គ្មានលេខ លើផ្លូវលំក្នុងភូមិ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៣-ឈ្មោះ ថេត ថៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវលំ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបន្តទៀតថា ក្នុងការបង្ក្រាប ក្រុមជនសង្ស័យ ទាំង៣នាក់ពាក់ព័ន្ធនឹងករណីឆក់ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច លើកំណាត់ផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ក្រោយពីពួកគេបានធ្វើ សកម្មភាព(ឆក់ទូរស័ព្ទដៃ១គ្រឿង ម៉ាក ASUS ពណ៌ខ្មៅ ពីជនរងគ្រោះដែលធ្វើដំណើរ តាមដងផ្លូវនៅត្រង់ចំណុច ខាងមុខ ក្រសួងសាធារណៈការ និងដឹកជញ្ជូនលើផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយដកហូតបានវត្ថុតាង មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខ តួ-លេខ ម៉ាស៊ីន៩៧៦០៨១២ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5882 និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខតួ-លេខ ម៉ាស៊ីន៥១៦២៦៧៤ ពាក់ស្លាកលេខកណ្តាល 1X-5575។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបាន កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានី ភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស តារា