ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យ ចិនស្មាក់ចិត្ត ច្រើននាក់បានចុះមកជួយពិនិត្យសុខភាពប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុដោយមិនគិតកម្រៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថាកាលពីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋប្រជាមានិតចិននៃ ខេត្តជែងស៊ូ ដឹកនាំដោយវិជ្ជបណ្ឌិត លោក Wen Hao មានក្រុមគ្រូពេទ្យចំនួន១០នាក់ បានចុះមកពិនិត្យជំងឺនិងព្យាបាលជំងឺដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សិលា នៅមណ្ឌលសុខភាពតក្កវិទ នៅភូមិចាំស្រី ឃុំ កំពង់សិលា ស្រុកកំពង់សិលាខេត្តព្រះសីហនុ ។
លោកស្រី នូច ចន្ទ័ តារា ប្រធានមណ្ឌលសុខភាព តក្កវិទ ស្រុកកំពង់សិលា បានសម្តែងការស្វាគមន៍ យ៉ាងរ៉ាក់ទាក់ ចំពោះ ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តរបស់ ប្រជាជនចិន និងបានសម្របសម្រួលចំពោះកិច្ចការ ទស្សនកិច្ចនិងពិនិត្យព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សិលានេះបានយ៉ាងរលូនផងដែរ៕ ឆ្លាម សមុទ្រ