ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ សម្ពន្ធមិត្តសហរដ្ឋអាមេរិកមិនដើរតាមអាមេរិកលុបកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ឡើយ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខិតខំដើម្បី កែប្រែកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ដោយលោកបានដាក់គំនាបទៅលើប្រទេសជាសម្ពន្ធមិត្តនៅតំបន់អឺរ៉ុប ក៏ដូចជា ប្រទេស5+1 ដែលបានព្រមព្រៀង ជាមួយអីុរ៉ង់។ សកម្មភាពរបស់លោកត្រាំបានទទួលរងការរិះគន់យ៉ាងខ្លាំង ដោយប្រទេសជាច្រើនមិនគាំទ្រឡើយ។ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំធ្លាប់ បានគំរាម ចង់ប្តូរជំហររបស់អាមេរិក ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ប៉ុន្តែ ប្រធានាធិបតីអីុរ៉ង់ លោកហា ស្សាន់ រូហានី បានវាយតម្លៃថា ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំមិនអាចលុប បំផ្លាញចោល កិច្ចព្រមព្រៀងបានទេ។

សកម្មភាពខាងលើរបស់លោកត្រាំ ធ្វើ ឲ្យមេដឹកនាំអីុរ៉ង់ ខឹងសម្បាយ៉ាងខ្លាំងពី ចេតនាចង់ កម្ទេចអីុរ៉ង់របស់លោកត្រាំ។ ប្រធានាធិបតី អុីរ៉ង់ លោកហាស្សាន់ រូហានី បានចេញមុខការពារកិច្ចព្រមព្រៀង អន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់ ដែលប្រទេស មហាអំណាចសម្រេចចុះហត្ថលេខាជា មួយអុីរ៉ង់ កាលពីឆ្នាំ ២០១៥។ប្រធានាធិបតីអីុរ៉ង់បានបញ្ជាក់ថា “ទោះមានដូណាល់ ត្រាំ ១០នាក់ផ្សេងទៀតនៅក្នុងលោក ក៏គេមិនអាចត្រលប់ទៅកែប្រែកិច្ចព្រមព្រៀង អន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់បានដែរ” ។ នេះជាប្រសាសន៍របស់ប្រធានាធិបតីអុីរ៉ង់ ក្នុងពិធីជួបជុំនៅក្នុងសាកលវិទ្យាល័យ មួយនៃទីក្រុងតេអេរ៉ង់។

តាមលោកប្រធានាធិបតី ហាស្សាន់ រូហានី ទាំងក្នុងពេលចរចា និងនៅក្នុងកិច្ច ព្រមព្រៀង គ្រប់ភាគីបានយល់ស្របគ្នា រួចហើយ លើចំណុច និងផលប្រយោជន៍ ដែលគេមិនអាចសើរើ កែប្រែក្រឡាស់បាន ទេ។ ដូច្នេះ សម្រាប់ប្រធានាធិបតីអុីរ៉ង់ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ មិនអាចទៅបំផ្លាញចោលកិច្ចព្រមព្រៀងបានទេ។

លោកហាស្សាន់ រូហានីបានលើកឡើង យ៉ាងដូច្នេះ នៅក្រោយពេលលេចឮ ដំណឹង ដែលថា លោកដូណាល់ ត្រាំ នឹងប្រកាសលែងទទួលស្គាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលលោកដូណាល់ ត្រាំ រិះគន់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត បន្សល់ ទុកដោយអាណត្តិលោកអូបាម៉ា។ ចាប់ ពីពេលនោះមករហូតដល់ថ្ងៃទី ១៥ តុលាលោកដូណាល់ ត្រាំ បានប្រកាស ឲ្យគេដឹងពីជំហររបស់លោក ទៅលើកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ តាមការចុះ ផ្សាយរបស់កាសែតអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមខ្លួនរួចហើយដើម្បី ប្រកាសថា អុីរ៉ង់មិនគោរពកិច្ចព្រមព្រៀង។ ជំហររបស់លោកដូណាល់ ត្រាំ ខុសផ្ទុយ ពីទីភ្នាក់ងារអន្តរជាតិផ្នែកថាមពលនុយក្លេអ៊ែរ AIEA ដែលបានបញ្ជាក់ថា អុីរ៉ង់ បាន គោរពធ្វើតាមកិច្ចព្រមព្រៀង។

ការបរិហាររបស់លោកដូណាល់ ត្រាំ នឹងបើកផ្លូវឲ្យសភាអាមេរិក (ក្នុងរយៈ ពេល ៦០ឆ្នាំ) មានសិទ្ធិបោះឆ្នោត ដើម្បី សម្រេចដាក់ឡើងវិញ ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើអុីរ៉ង់ ដែល អាមេរិកបានដកចេញ នៅក្រោយរកឃើញកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអុីរ៉ង់ នៅឆ្នាំ ២០១៥។ ជំហរ ផ្លាស់ប្តូររបស់រដ្ឋបាលអាមេរិកទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កំពុងធ្វើឲ្យ ប្រទេសមហាអំណាចផ្សេងទៀត ដែល ចូលរួម នៅក្នុងការចរចា នៅទីក្រុងវីយ៉ែន កើតក្តីព្រួយបារម្ភ។ ការចង់ត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ មិនត្រឹមតែប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច ដែល បានមកពីកិច្ចព្រមព្រៀង តែប៉ុណ្ណោះទេ ប៉ុន្តែ វានឹងលើកទឹកចិត្តផងដែរឲ្យអុីរ៉ង់ត្រូវត្រលប់ទៅជំរុញកម្មវិធីនុយក្លេអ៊ែរយោធា ដើម្បីក្លាយជាមហាអំណាចនុយក្លេអ៊ែរ មួយទៀត ដូចកូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសម្រេចបន្ត ផ្អាកព្យួរទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់ ប៉ុន្តែជាមួយលក្ខខណ្ឌ។ លោកដូណាល់ ត្រាំ បានសម្រេចទុកពេល បីខែទៅមុខ ដែលនៅក្នុងនោះ លោកចង់ ឲ្យប្រទេសមហាអំណាចនៅអឺរ៉ុបដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចរចាឡើងវិញជាមួយ ប្រទេសអុីរ៉ង់ ដើម្បីកែប្រែលក្ខខណ្ឌ មួយចំនួនដែល អាមេរិកយល់ថា នៅធូររលុងខ្លាំង និងអាចបើកផ្លូវឲ្យអុីរ៉ង់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាក់ថា វាជាឱកាសចុង ក្រោយ។ លោកដូណាល់ ត្រាំ នៅបាន គំរាមថា បើសិន នៅក្នុងរយៈពេល៣ខែ ទៅមុខ គេ(អឺរ៉ុប)មិនចរចា ដើម្បីកែប្រែលក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀង ទៅតាម ការទាម ទារ របស់អាមេរិកទេ នោះលោក នឹងដកអាមេរិកចេញភ្លាមពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ សេតវិមានចង់ឲ្យ ភាគីអឺរ៉ុប ដែលជាហត្ថលេខីនៅក្នុងកិច្ច ព្រមព្រៀង ចរចាឡើងវិញជាមួយអុីរ៉ង់ ទៅលើលក្ខខណ្ឌដែលមានចែងស្តីពីការចម្រើនធាតុអ៊ុយរ៉ានីញ៉ូមរបស់អុីរ៉ង់។ ទៅតាម កិច្ចព្រមព្រៀង ឆ្នាំ២០១៥ អុីរ៉ង់យល់ ព្រមផ្អាក មិនចម្រើន ធាតុអ៊ុយរ៉ានីញ៉ូម រហូតដល់ឆ្នាំ ២០២៥ ប៉ុន្តែ អាមេរិករបស់ លោកដូណាល់ ត្រាំ ចង់ឲ្យអុីរ៉ង់ឈប់ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ជារៀងរហូត។ នៅក្នុងការទាមទាររបស់ ខ្លួន លោកដូណាល់ ត្រាំចង់ឲ្យគេលើក និយាយផងដែរពីកម្មវិធី ផលិតមីស៊ីល របស់អុីរ៉ង់។

នៅថ្ងៃព្រហស្បតិ៍សហភាពអឺរ៉ុប ដែល ជាហត្ថលេខីនៃកិច្ចព្រមព្រៀង បានបង្ហាញជំហរគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងទាមទារឲ្យប្រទេសហត្ថលេខី ដូចជា អាមេរិក គោរពធ្វើតាមកិច្ចព្រមព្រៀង។ លោកអេមម៉ានុយអែល ម៉ាក្រុង ប្រធា នាធិបតីបារាំង បានទូរស័ព្ទ ទៅលោក ដូណាល់ ត្រាំដើម្បីបញ្ជាក់ពីសារសំខាន់នៃការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ សម្រាប់ថ្នាក់ដឹកនាំនៅអឺរ៉ុប កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់សំខាន់សម្រាប់សន្តិសុខ អន្តរជាតិ ព្រោះវាជួយទប់ស្កាត់កុំឲ្យអុីរ៉ង់អាចមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាន។ ចាប់តាំងពីមានកិច្ចព្រមព្រៀងអន្តរជាតិ នៅឆ្នាំ ២០១៥ អង្គការថាមពល បរមាណូអន្តរជាតិAIEAបានបញ្ជាក់៧លើកមកហើយថា អុីរ៉ង់បានគោរពធ្វើតាមកិច្ច ព្រមព្រៀង។

អាមេរិកនៅក្នុងអាណត្តិរបស់លោក អូបាម៉ា និងប្រទេសមហាអំណាចផ្សេង ទៀត ដូចជាបារាំង អង់គ្លេស ចិន រុស្ស៊ី និង អាល្លឺម៉ង់បានចរចាជាង២ឆ្នាំ ជាមួយ អុីរ៉ង់ ទម្រាំអាចបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដែលអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័ត នៅឆ្នាំ ២០១៥។ ប៉ុន្តែ លោកដូណាល់ ត្រាំវិញបាន រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ថា ជាកិច្ចព្រមព្រៀង ដ៏អាក្រក់បំផុត។ កាលពីខែតុលាកន្លងទៅ លោកធ្លាប់បានបដិសេធ មិនបញ្ជាក់ទៅ សភាអាមេរិក ថា អុីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះឡើយ។ ការណ៍នេះ ធ្លាប់ឲ្យគេបារម្ភថា សភាអាមេរិកនឹងអាចត្រលប់ទៅដាក់ទណ្ឌកម្មលើអុីរ៉ង់ ដែល អាមេរិកបានផ្អាក ដោយសារការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។ ការដាក់ ទណ្ឌកម្មលើអុីរ៉ង់ គឺជាសញ្ញានៃការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់៕ ម៉ែវ សាធី

 


ចែករំលែក៖