ប៉ោយប៉ែត៖ សពលករខ្មែរប្រុសស្រី២នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅទឹកដីថៃ ត្រូវបានមន្ត្រីជំនាញកម្ពុជា សហការជាមួយសមត្ថកិច្ចថៃបញ្ជូនមកកម្ពជាតាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត កាលពីម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ។
មន្ត្រីជំនាញប្រាប់ថា អ្នកស្លាប់ក្នុងហេតុការណ៍នោះ ឈ្មោះ ជៀម សុខ ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រពន្ធជាជនជាតិថៃ ឈ្មោះ វ៉ាន់ សុខលី ភេទស្រីអាយុ៣៥ឆ្នាំ ជាអ្នកស្រុករុក្ខគិរី ខេត្តបាត់ដំបង ដូចគ្នា ។
សូមរំលឹកថា កាលពីវេលាទៀបភ្លឺព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ មានមនុស្សប្រុស ស្រី២នាក់ បានស្លាប់ និងប្រុស ស្រី៣នាក់ទៀតរងរបួសធ្ងន់ ក្នុងនោះ១០នាក់ផ្សេងទៀត របួសស្រាល ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ លើទឹកដីថៃ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដោយរថយន្ត Pickup2 បាំងបើកក្នុងល្បឿនលឿន គ្រប់គ្រងស្ថានការមិនបាន បណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់។
អ្នករងរបួសធ្ងន់៣នាក់ ឈ្មោះវ៉ាន់ លុក ភេទប្រុស, ឈ្មោះ ណាងលី ភេទស្រី និងឈ្មោះ អសារិន ភេទស្រី និងមានអ្នករបួសស្រាល១០នាក់ផ្សេងទៀតសរុប១៥នាក់។
អ្នកស្លាប់ និងអ្នករបួសស្រាលពេលនេះ ស្ថិតក្នុងមន្ទីរពេទ្យស្រុកអារញ្ញ ឯអ្នករបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តស្រះកែវហើយ។
តាមប្រភពពីប្រទេសថៃបានឲ្យដឹងថា មុនកើតហេតុ មានរថយន្ត Pick up ពណ៌ត្រាវ២បាំង ពាក់ស្លាកលេខថៃ1097 ស្រះកែវ បានដឹកពលករចំនួន១៦នាក់ រួមទាំងកុមារីវ័យ៤ខែម្នាក់ចេញពីបន្ទាត់ព្រំដែន លុះដល់ចំណុចកើតហេតុ ក្នុងស្រុកអារញ្ញមិនដឹងថា បណ្តាលមកពីមូលហេតុអ្វី ស្រាប់តែរថយន្តដែលក្រុមពលករជិះនោះ បានក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យពលករខ្មែរក្នុងរថយន្តខាងលើស្លាប់ របួសជាច្រើននាក់តែម្តង។
អ្វីដែលសង្វេក ក្មេងស្រីអាយុ៤ខែ ក្រោយគេបញ្ជូនដល់មន្ទីរពេទ្យក្នុងស្រុកកើតហេតុ បានស្រែកយំទ្រហឹង ព្រោះម្តាយគេស្លាប់ឯឪពុករងរបួសធ្ងន់ ខណៈគ្មានទឹកដោះបៅ។
ប្រភពបន្តថា ក្រោយហេតុការណ៍កើតឡើង អ្នកបើកបរបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះដែលស្លាប់ និងរបូសរដូករណែលនៅចំណុចកើតហេតុ ត្រូវត្រូវបានក្រុមរថយន្តសង្រ្គោះរបស់ថៃ ដឹកទៅកាន់មន្ទីរពេទ្យក្នុងស្រុកកើតហេតុភ្លាមៗ។
ប្រភពបន្តថា ជនរងគ្រោះរងរបួសធ្ងន់ប្រុស១ ស្រី២ ត្រូវបានគេបញ្ជូនបន្តពីមន្ទីរពេទ្យស្រុកអារញ្ញទៅមន្ទីរពេទ្យខេត្តស្រះកែវហើយ។
ប្រភពថា ពលករទាំងនេះទើបចេញពីកម្ពុជាតាមច្រករបៀងមួយក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងជាពលករឆ្លងដែនខុសច្បាប់ខ្លះគ្រោងទៅរកការងារធ្វើលើទឹកដីថៃ និងខ្លះជាពលករធ្លាប់ទៅធ្វើការលើទឹកដីថៃរហូតមានប្រពន្ធជាជនជាតិថៃថែមទៀត។
តាមការឲ្យដឹងពីមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រាប់ថា សពជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលសមត្ថកិច្ចបញ្ជូនមកកម្ពុជានោះ បានយករថយន្តមកសាងនៅក្នុងវត្តបាលិលេយ្យដើម្បីដឹកយកទៅធ្វើបុណ្យនៅភូមិកំណើត៕ វណ្ណា