ភ្នំពេញ៖ ដោយទទួលបានការបញ្ជាការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដែរនោះ គេសង្កេតឃើញកម្លាំងចម្រុះខណ្ឌដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌធ្វើការចុះបង្ក្រាបជាហូហែរទីតាំងល្បែងឆ្នោតកន្ទុយលេខខុសច្បាប់នៅសង្កាត់ស្ទឹងមានជ័យ។ ដោយឡែកសំរាប់ទីតាំងមេឆ្នោតដ៏ធំនៅក្រោយស្នាក់ការប៉ុសិ៍្តរដ្ឋបាលនគរបាលបឹងទំពន់១ ហាក់បីដូចជាមិនហ៊ានខ្លាចបាត់តំណែងឬយ៉ាងដូចម្តេច? ព្រោះថាម្ចាស់ទីតាំងមានខ្សែរហូតដល់ស្នងការឯណោះ ទើបធ្វើឲ្យលោក តេង ស៊ីណូ អធិការខណ្ឌនិយាយលាក់លៀមៗ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងឆ្មក់ចូលបង្ក្រាបទីតាំងកត់កន្ទុយលេខ នៅបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នមពេញ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ គឺ២នាក់ជាអ្នកកត់ និង២នាក់ផ្សេងទៀតជាអ្នកលេង រួមនិងវត្ថុតាងថវិកាជាង៣០ម៉ឺនរៀល ម៉ាស៊ីនកាខ្យូចំនួន៣ផងដែរ។ ក្រោយមកមនុស្ស៤នោះត្រូវបាននាំកាន់ប៉ុសិ្តរដ្ឋបាលនគរបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿង។
ទោះបីជាការខិតខំប្រឹងប្រែងចុះបង្ក្រាបយ៉ាងនេះក្តី មតិរិះគន់ក៏បានលើកឡើងថា មិនតម្លាភាពនោះអាជ្ញាធរបង្ក្រាបបានតែកូនកញ្ច្រែងតូចៗតែប៉ុណ្ណោះ។ សំរាប់ទីតាំងមេធំៗ ហាក់បីដូចជាបើកដៃ។ ដូចករណីមេឆ្នោតធំនៅក្រោយស្នាក់ការប៉ុសិ៍្តរដ្ឋបាលបឹងទំពន់១ជាដើម។
លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានប្រាប់ថា បញ្ហានេះលោកក៏កំពុងស្រាវជ្រាវ និងសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យើងមិនទុកធ្វើម៉ាំទេ៕ តាឡឹម