ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ដែលរំលោភយកដីរដ្ឋ និង រារាំងសមត្ថកិច្ចក្នុងប្រតិបតិ្តការរុះរើរបងសំណង់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅដេកគុក

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងក្រោលសេះក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប សមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់ដែលរំលោភយក ដីរដ្ឋ និងរារាំងសមត្ថកិច្ចក្នុងប្រតិបតិ្តការរុះរើបង្គោលរបងព័ទ្ធលួសបន្លាខុសច្បាប់ របស់ឈ្មោះ ហួន សីហា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាមន្ត្រីយោធាកងពលតូចអន្តរាគមន៍លេខ៦ចំណុះកងពលធំអន្តរា គមន៍លេខ២។ បុរសទាំង២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដោយចោទពីបទធ្វើឱ្យខូចខាតដោយចេតនា និងប៉ះពាល់កម្មសិទ្ធិ ទ្រព្យសម្បត្តិសាធារណៈ។ មូលហេតុដោយ សារពួកគេដកបង្គោលរបស់អាជ្ញាធរអប្សរាចោល ហើយយកបង្គោលថ្មមកដាំជំនួស ទើបអាជ្ញាធរក្តៅក្រហាយរហូតឈានដល់ឃាត់ខ្លួនតែម្តងដោយសារមើលឃើញ ទង្វើនេះហាក់មើលងាយដល់អាជ្ញាធរ និង សមត្ថកិច្ច ។

សូមបញ្ជាក់ថា បន្ទាប់ពីក្រុមការងារ ចម្រុះរួមមាន កម្លាំងកងរាជអាវុធហត្ថក្រុង-ខេត្ត នគរបាលក្រុង-ខេត្ត មន្ត្រីអាជ្ញាធរជាតិ អប្សរា មន្ត្រីសាលាក្រុងសៀមរាប មេធាវី ប្រចាំអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានក្រោមការសម្របស្រួលដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាបបានចុះប្រតិបត្តិការរុះរើរបងអនាធិបតេយ្យនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រមទាំងនាំខ្លួនបក្ខពួកចំនួន២នាក់ ដែលបានមករារាំងអាជ្ញាធរកំពុងធ្វើការជាលើក ទី២ផងដែរ។ លើកទី១នៅថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៧ និងលើកទី២កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ ខណៈដីដែលគណៈ កម្មការចម្រុះចុះរុះរើជាលើកទី២នេះមានដី២ទីតាំងដូចគ្នា។ ទីតាំងទី១មានទំហំ ៤០ម៉ែត្រគុណ៨០ម៉ែត្រ និងទីតាំងទី២ មានទំហំ៤០ម៉ែត្រគុណ៨០ម៉ែត្រដូចគ្នាត្រូវបានក្រុមលោក ហួន សីហា ជាមន្ត្រី យោធា និងបក្ខពួក២នាក់មកវាតទីយកដី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប៉ុន្តែបែរជានាំគ្នាខ្លះរត់ ខ្លះជាប់ខ្នោះពេលរារាំងសមត្ថកិច្ចមិន ឲ្យរុះរើ ។

តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើគឺមានដើមបណ្តឹងចំនួន៣រូប និងមានការសម្រប សម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជ អាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ខណៈដែលជនទាំង២ នោះបានបង្កការរារាំងក្នុងការចុះប្រតិបត្តិការរបស់អាជ្ញាធរ និងសមត្ថកិច្ចដែលកំពុងរុះរើបង្គោលរបងព័ទ្ធលួសបន្លាខុសច្បាប់ របស់ឈ្មោះ ហួន សីហា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរយោធាកងពលតូច អន្តរាគមន៍លេខ៦ចំណុះកងពលធំអន្តរាគមន៍លេខ២។ ដូច្នេះកម្លាំងកងរាជអាវុធហត្ថក៏នាំខ្លួនជននោះទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់ ។

ប្រភពបានបន្តថា ដើមបណ្តឹងទាំង៣ រូបដែលប្តឹងជនសង្ស័យទាំង២នាក់ចោទពីបទធ្វើឱ្យខូចខាតដោយចេតនានិងប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ទី១-លោក ឈិត បូរ៉ាវុធ ជាមេធាវីរាជរដ្ឋាភិបាល, ទី២-លោក ភុំ ប៊ុនផាន់ អត្តលេខ៣១៧ ការិយាល័យផ្ទះលេខ០១៨៨ ក្រុមទី៧ ភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀម រាប និងទី៣-លោក ស៊ុន សុជាតិ អត្តលេខ ៣០២ ជាតំណាងដោយអាណត្តិរបស់ អាជ្ញាធរជាតិអប្សរា ។

ប្រភពបានបានបន្ថែមថា ជនសង្ស័យ ទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ទី ១-ឈ្មោះ ហួន មករា ភេទប្រុស អាយុ៣១ ឆ្នាំ បុខរបរបុគ្គលិកព្រលានយន្តហោះខេត្តសៀមរាប មានស្រុកកំណើតនៅ ភូមិស្រែ អម្ពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុង-ខេត្តសៀមរាប និងទី២-ឈ្មោះ អន សារឿន ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរលក់សាច់ជ្រូក មានស្រុកកំណើត នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកកោះ សូទិន ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិដក ពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ចោទ ពីបទធ្វើឱ្យខូចខាតដោយចេតនា និងប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ៕ ប៊ុន រិទ្ធី

 

 


ចែករំលែក៖