ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា សុឹង សំអុល ជាមេខ្លោងបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចទ្រង់ទ្រាយធំ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យ៉ាងតិចក្នុងមួយថ្ងៃខាងឧកញ៉ា សុឹង សំអុល ដឹកជញ្ជូនឈើចេញពីក្រុមហ៊ុនរបស់ខ្លួន ចាប់ពី៧ ទៅ១០ឡានយីឌុប(V1)កាត់PCស្របច្បាប់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី។ តែផ្ទុក១ឡានចាប់ពី៥០ទៅជិត៦០ម៉ែត្រគូប ខណះPCកំណត់អោយដឹកត្រឹម១៧ទៅ ១៨ម៉ែត្រគូបនោះ។

គេបានរាយការណ៍មកថា៖ យប់ថ្ងែទី៣ ខែកុម្ភះ ឆ្នាំ២០១៨ ឧកញ៉ា សុឹង សំអុល ដឹកឈើចេញពីស្រុកកោះញែក ចំនួន៧ឡានយីឌុប(V1) ដើម្បីនាំចេញទៅប្រទេសវៀតតាមច្រកខេត្តក្រចេះ និងច្រកខេត្តក្បែរនោះៗ។ បើទោះជាគាត់មានPC ប៉ុន្តែក្រុមហ៊ុនរបស់គាត់គ្មានព្រៃឈើទេ ដូច្នេះប្រភពឈើបានប្រមូលទិញឈើពីការចូលកាប់បំផ្លាញក្នុងតំបន់ដែនជម្រកសត្វភ្នំព្រិច អូសយកមកដាក់ក្នុងក្រុមហ៊ុនដើម្បីមានឱកាសកាត់PCអោយក្លាយឈើស្របច្បាប់ និងយកឈ្មោះក្រុមហ៊ុនអ្នកធំធ្វើប៉ះពាល់កិត្តិយដ៏សធ្ងន់ធ្ងរផងដែរ។

ឧកញ៉ា សុឹង សំអុល ត្រូវបានគេទទួលស្គាល់ថាជាមេខ្លោងបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចទ្រង់ទ្រាយធំ តាមរយះបែងចែកសារគុណអោយទៅអាជ្ញាធរ សមត្ថកិច្ចសឹងគ្រប់ស្ថាប័ន ក្នុងនោះសុឹង សំអុល កំពុងធ្វើអោយមជ្ឈដ្ឋានទូទៅក្នុងសង្គមរិះគន់ និងវាយប្រហារពីបទល្មើសឈើមកលើថ្នាក់ដឹកនាំ។

គេបានបញ្ជាក់ថា៖ សព្វថ្ងៃអំពើដឹកឈើបំពានច្បាប់របស់ឧកញ៉ា សុឹង សំអុលមានដូចជា៖ ទី១-ប្រមូលទិញឈើ គ្រប់ទិសទីក្រៅពីដីព្រៃសម្បទានរបស់ខ្លួន គឺទិញឈើពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក អូសចូលក្រុមហ៊ុនរបស់ខ្លួន ទី២-ដឹកផ្ទុកលើសទំងន់បំផ្លាញផ្លូវជាតិ ងាយនឹងស្រុតបេះស្រាំបំពាននិង ការហាមឃាត់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ខណះត្រូវរ៉ូវគ្នាជាមួយខាងអ្នកគ្រប់គ្រងស្ថានីយ៍ថ្លឹងរថយន្ត ទី៣-ដឹកលើសPCកំណត់ បើ១ឡានPCមានត្រឹម១៧ ទៅ១៨ម៉ែត្រគូប គឺឧកញ៉ា សុឹង សំអុល ផ្ទុកលើសPC យ៉ាងតិចចាប់ពី៥០ទៅជិត៦០ម៉ែត្រគូ ឬកាត់PC ត្រឹម៤ឡាន ឧកញ៉ា សុឹង សំអុល ដឹកចាប់ពី១០ឡានឡើងទៅ ទី៤-ភាគច្រើនរថយន្តគ្មានស្លាកលេខ ខុសពីកំណត់របស់PC ជាល្បិចបន្លំខណះជិះទូកជាមួយខាងជំនាញរដ្ឋបាលព្រៃឈើ តាមបណ្តាខេត្តគាត់ដឹកឆ្លងកាត់ ទី៥-ច្បាប់កំណត់អោយចែកចាយក្នុងស្រុក តែគាត់នាំទៅក្រៅប្រទេស គ្រាន់តែប្រើរូបភាពអោយដៃជើងរបស់ខ្លួនដឹកបន្តនាំចេញទៅវៀតណាម ទី៦-ឈើដឹកជញ្ជូនរាល់ថ្ងៃខុសពីលិខិតអនុញ្ញាតិ មានន័យថាដឹកចែកចាយក្នុងស្រុកត្រឹមទំហំ២០សង្ទីម៉ែត្រចុះក្រោម ឧកញ៉ា សុឹង សំអុល ដឹកសុទ្ធតែឈើជ្រុងជាឡាំងមុខកាត់០៥ម៉ែត្រឫ មុខកាត់ជិត១ម៉ែត្រ ខុសយថាប្រភេទឈើទាំងស្រុង ទី៧-ក្រុមហ៊ុនរបស់ខ្លួនកាប់ឈើអស់យូរហើយ តែមិនបានគោរពតាមកិច្ចសន្យាជាមួយក្រសួងកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទ ដាំដុះនៅឡើយ គឺយកតែឈ្មោះក្រុមហ៊ុនស្របច្បាប់ តែអូសឈើពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ជាតំបន់អភិរក្សការពារ និងជាបទល្មើសឧក្រិដ្ឋ ទី៨-ឈ្មោះថ្នាក់លើមួយចំនួនត្រូវបានគាត់យកទៅប្រើ ប្រយោជន៍ធ្វើជាយ័ន្ត ការពារមុខរបរបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ដោយលក្ខណះទ្រង់ទ្រាយធំ។

ពាក់ព័ន្ធករណីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច លោក កែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តបានទទួលស្គាល់ការពិតថាកើតមាន ដោយតាមទូរស័ព្ទលោកនិយាយយ៉ាងដូច្នេះថា៖ មួយរយះកន្លងទៅខ្ញុំបានដឹកនាំចុះបង្ក្រាបញឹកញាប់ និងចាប់យកវត្ថុតាង ជាគោយន្ត រថយន្តកែច្នៃ ឈើ និងបញ្ជូនមន្ត្រីជាច្រើន តាំងពីមន្ត្រីនៅស្រែពកទៅការពារទប់ស្កាត់។

លោកបន្តថា៖ ជាលទ្ធផលបានស្ងប់ស្ងាត់មួយចំនួនធំសឹងបាន៩០ភាគរយ។ លោកប្រធានមន្ទីរបានបន្តថា៖ ការប្រឈមបំផុតបញ្ហាចូលកាប់ និងដឹកជញ្ជូនដោយប្រជាពលរដ្ឋ គឺពួកគាត់តែងថ្នឹងថ្នាក់មិនទទួលយកការអប់រំពន្យល់ គាត់នៅបន្តលួចចូលកាប់ នេះក៏ជាបញ្ហាមួយ។
ដោយឡែកមេឈ្មួញឈើឈ្មោះ ឧកញ៉ា សុឹង សំអុល ជាមេខ្លោងបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចទ្រង់ទ្រាយធំ អង្គភាព«នគរវត្ត»មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលជាច្រើនលើកគ្មានអ្នកទទួល កាលពីព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៨។

គួររំលឹកថា៖ មួយរយះចុងក្រោយនេះបទល្មើសព្រៃឈើនៅភូមិភាគឦសាន្តបានបន្តកើនឡើងគួរកត់សំគាល់ ខណះបញ្ជាការឯកភាពខេត្តនីមួយៗក្នុងនាមជាសមាជិកគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិមានភាពធូរលុងក្នុងការបើកច្រក ទាំងច្រកអន្តរជាតិ ច្រកទ្វេភាគី ច្រករបៀងជាដើម។ ដូច្នេះការទប់ស្កាត់ពីដើមទី កណ្តាលទី និងចុងទី(ច្រក)មិនមានប្រសិទ្ធភាព ស្របពេលអ្នកមានភារកិច្ចបង្ក្រាបប្រឹងទាញយកប្រយោជន៍ពីការដឹកជញ្ជូនឈើ ក្លាយជាជនធូរធា និងមានឱកាសមានមុខមានមាត់ ទាំងខ្លួនកំពុងដេកលើថ្នូរខ្មោចពេលយប់ស្មានតែដេកលើដីទួល តែដល់ពេលព្រឹកដឹងថាខ្លួនដេកលើថ្នូរខ្មោច ទើបលោះព្រលឹង ថាអញឬមិនមែនអញ បើមានបានដោយសាររួមគំនិតជាមួយឈ្មួញបំផ្លាញព្រៃឈើទ្រព្យសម្បត្តិធនធានធម្មជាតិដ៏មានតំលៃរបស់ប្រទេសជាតិនោះ៕ សិលា


ចែករំលែក៖