ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដឹកជញ្ជូនឈើមិនមែនជាអាជីព រស់នៅឃុំរកាត ឃុំលាច និងឃុំសន្រ្ទែ នៃស្រុកភ្នំក្រវាញបានឲ្យដឹងថា មានក្រុមមន្រ្តីបរិស្ថាន និងកងកម្លាំងប្រដាប់ដោយអាវុធដាក់កុងត្រូលជម្រិតយកលុយពីក្រុមអ្នកបររទេះដឹកជញ្ជូនឈើ ក្រោមការចាត់ចែងពីឈ្មោះ នឿន មេមន្រ្តីបរិស្ថានដែលគេសង្ស័យលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅក្រោយ។
ប្រភពព័ត៌មានខាងលើបន្តថា កុងត្រូលជម្រិតយកលុយពីក្រុមអ្នកបររទេះដឹកជញ្ជូនឈើនោះមានចំនួន ២កន្លែង នៅត្រង់ចំណុចពាមប្រក និងផ្លូវកណ្ដាល ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បញ្ជាក់៖ កុងក្រូលដាក់ជម្រិតយកលុយខាងលើនេះពុំមែនទើបនឹងកើតមាននោះទេ គឺកើតមានយូរយារឆ្នាំមកហើយ គេពុំទាន់ដែលឃើញអាជ្ញាធរមានសមត្តកិច្ចចំណាត់ការឲ្យមានប្រសិទ្ធភាពនោះឡើយ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រុមមន្រ្តីដាក់កុងត្រូលជម្រិតយកលុយពីក្រុមអ្នកដឹកជញ្ជូនឈើទាំង ២កន្លែងមានគ្នាសរុបចំនួន ១១នាក់ មន្រ្តីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចំនួន៧នាក់ ក្រោមការដឹកនាំ និងចាត់ចែងពីលោក នឿន មន្រ្តីបរិស្ថាន(NGO) ២នាក់ និងកងកម្លាំងប្រដាប់ដោយអាវុធចំនួន ២នាក់ទៀតផងដែរ គេពុំដែលឃើញក្រុមមន្រ្តីដាក់កុងត្រូលជម្រិតយកលុយខាងលើនេះ ធ្វើការបង្រ្កាបទាល់សោះបើមានករណីបង្រ្កាបឬរុករកឃើញគំនរឈើ ពួកនេះកាន់តែគំរាមយកលុយកាន់តែច្រើនថែមទៀត ហើយចំពោះរទេះក្របីដឹកឈើប្រភេទប្រណីត ១គ្រឿង ត្រូវបង់លុយឲ្យពួកគេក្នុងចន្លោះចាប់ពី ១៤ម៉ឺនរៀលទៅ ២០ម៉ឺនរៀល តាមរទេះណាដឹកឈើតិចឬច្រើនឲ្យតែឆ្ផងកាត់តំបន់ពួក ចំណុចកុងត្រូលជម្រិតយកលុយខាងលើជាតំបន់បទល្មើសការដឹកជញ្ជូនឈើយ៉ាងធំហើយស្ងាត់ស្ងៀមបំផុត រទេះដឹកជញ្ជូនឈើអារទាំងប្រភេទឈើប្រណីត និងប្រភេទឈើអារលំនៅដ្ឋាន ក្នុង ១យប់ឬ ១ថ្ងៃចាប់ពីចន្លោះចំនួន ២០រទេះទៅ ៥០រទេះឯណោះ ហើយរទេះដឹកជញ្ជូនឈើទាំងអស់នេះក្រុមកុងត្រូលគេគ្រាន់តែរប់អំពីចំនួនប៉ុណ្ណោះ អ្នកបររទេះកក្របីដឹកឈើបានប្រកាស់ប្រាប់ឈ្មោះ ថៅកែឈើ នៅឃុំរកាត ឃុំសន្រ្ទែ និងឃុំលាច នៃស្រុកភ្នំក្រវាញហើយជាស្រេច់ ទើបពួកគេមកបើកលុយពីថៅកែទាំងនោះ ដោយក្រោមការចាត់ចែងពីលោក នឿន មេមន្រ្តីបរិស្ថានប្រចាំតំបន់កុងត្រូល។
ប្រភពព័ត៌មានខាងលើបញ្ជាក់បន្ថែមបន្តទៀតថា តំបន់កុងត្រូលយកលុយខាងលើជាដែនសមត្តកិច្ចរបស់មន្រ្តីបរិស្ថាន ចំណុចនេះហើយទើបលោក នឿន មេមន្រ្តីបរិស្ថានប្រចាំកុងត្រូលហានចាត់ចែងគ្រប់បែបយ៉ាងនោះ ប៉ុន្តែបើគ្មានខ្នងបង្អែកពីលោក ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប៉ាន់ មរកត ទេនោះ ប្រហែលលោក នឿន ក៍មិនហានវះកាត់នោះដែរ។
ដោយឡែក៖ លោក តាន់ គារិទ្ធ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យអ្នកសារព័ត៌មាន ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នេះថា ករណីហ្នឹងលោកធ្លាប់ទទួលបានព័ត៌មានដែរតែលោករវល់ពេកមិនទាន់បាន ប៉ុន្តែលោកសន្យានឹងមានវិធានការឆាប់ៗខាងមុខនេះ។
ទោះជាប្រភពរាយការណ៍បែបនេះក្តី អ្នកសារព័ត៌មាន នគរវត្ត មិនអាចស្វែងរកសុំការពន្យល់ពីលោក នឿន មេមន្រ្តីបរិស្ថាននៅចំណុចកុងត្រូល និងលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នោះបានឡើយ៕ ប៉ឹម ពិន