ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តរុករកឃើញកន្លែងស្តុកនិងបង្ក្រាបបានឈើជាច្រើនកំណាត់នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរីៈ គំនរឈើដែលក្រុមឈ្មួញដឹកយកមកលាក់ទុកក្នុងព្រៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវធហត្ថខេត្ត សហការណ៍ជាមួយកម្លាំងបរិស្ថាន អភិរក្សព្រៃឈើ ដែនជម្រកសត្វព្រៃលំផាត់ នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំសេដា ចុះបង្ក្រាបបាន។

សកម្មភាពបង្ក្រាបនេះ ធ្វើឡើងនៅរសៀលម៉ោង ២.៣០នាទី ថ្ងៃសៅរ៍៣រោចខែមាឃឆ្នាំរការនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០១៨ត្រង់ចំណុចភូមិសាមុត្រក្រោមឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងតំបន់អភិរក្សរបស់មន្ត្រីបរិស្ថាន។

លោ គឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងចុះ ដល់ទីតាំងខាងលើ ក៏ប្រទះឃើញឈើនោះមែន។ លោកបានបញ្ជាក់ទៀតថា ឈើដែលបង្ក្រាបបាននេះ ជាប្រភេទឈើសុក្រំ និងឈើឈ្លីក ឡាំងបួនជ្រុង មានមុខកាត់ចាប់ពី ២០x២០សង់ទីម៉ែត្រ ឡើងទៅ ប្រវែង ២ម៉ែត្រដល់ ៤ម៉ែត្រ ហើយមានចំនួន២០១កំណាត់ ក្នុងនោះឈើសុក្រំ៩០កំណាត់ និងឈើឈ្លីក ១១១កំណាត់។ លោកបន្តទៀតថា ដោយចំណុចនេះ ជាតំបន់គ្រប់គ្រងដោយមន្ត្រីបរិស្ថាន ដូច្នេះលោកបានប្រគល់ឈើនេះជូនមន្ត្រីបរិស្ថានចាត់ការបន្ត។

ចំណែកលោក សាន សានី ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃលំផាត់ បានឲ្យដឹងដែរថា ឈើនេះលោកយកទៅរក្សាទុក នៅស្នាក់ការបរិស្ថានតាតឿង ដែលមានទីតាំងក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ចំណែកបរិមាណម៉ែត្រគូប នៅមិនទាន់ដឹងនៅឡើយទេ៕ជី វន្ត

 

 


ចែករំលែក៖