ព័ត៌មានទាន់ហេតុការណ៍៖

នីកូ ហក់ចូលផលិតកម្មហង្សមាសជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងលំដាប់ជួបមុខរបស់ផលិតកម្មសាន់ដេ លោក នីកូ បានវេចបង្ហិចហក់មកចូលច្រៀងឲ្យផលិតកម្មហង្សមាសជាផ្លូវការហើយ។ ការចាកចេញរបស់តារាចម្រៀងរូបនេះ គឺបន្ទាប់ពីអតីតតារាចម្រៀងនៅផលិតកម្មសាន់ដេ ជាច្រើនបានចាកចេញ និងជ្រកក្រោមផលិតកម្មផ្សេងជាបន្តបន្ទាប់។

នីកូ ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅជាច្រើនបទ បានចាក់ដោតចំបេះដូងយុវវ័យ ពិសេសគ្រាដែលលោកច្រៀងនៅផលិតកម្ម M ដោយចាប់ដៃគូជាមួយតារាចម្រៀងសូលីកា។ ការបញ្ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មហង្សមាស បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី ក្រោយពីស្ងប់ស្ងាត់ដំណឹងមកច្រៀងក្នុងផលិតកម្មនេះជាច្រើនឆ្នាំ។

កន្លងទៅមានការលើកឡើងថា តារាចម្រៀងរូបនេះនឹងចូលមកច្រៀងក្នុងផលិតកម្មហង្សមាសជាមួយបងប្រុសគឺលោក ណុប ប៉ាយ៉ារិទ្ធិនោះ ប៉ុន្តែលោកបែជាលេចមុខក្នុងផលិតកម្មសាន់ដេទៅវិញ។ ពេលនេះអ្វីដែលគេគិតបានក្លាយជាការពិតហើយក្រោយពីបទចម្រៀងដំបូងក្នុងផលិតកម្មថ្មីត្រូវបានផលិតកម្មបញ្ចេញកាលពីចុងសប្តាហ៍មុននេះ។ បទដំបងរបស់តារាចម្រៀងស្រស់សង្ហារូបនេះគឺបទ«ថ្ងៃបែកគ្នា» ដែលជាបទមនោសញ្ចេតនាស៊ីជម្រៅ ដែលគ្រាន់តែបង្ហោះមិនបានមួយថ្ងៃផងមានអ្នកចូលទស្សនាជាង២០ម៉ឺនដង ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាចម្រៀងរូបនេះបាននៅឡើយ ប៉ុន្តែប្រភពដែលស្និទ្ធនឹងតារាចម្រៀងរូបនេះបង្ហើបថា នីកូពិតណាស់បានចុះកុងត្រាជាផ្លូវការជាមួយផលិតកម្មហង្សមាសរយៈពេល៥ឆ្នាំក្រោយពីបញ្ចប់កុងត្រាជាមួយសាន់ដេកាលពីចុងឆ្នាំ២០១៧។

ប្រភពបន្តថា មិនពិបាកនឹងធ្វើឲ្យតារារូបនេះជ្រៀតចូលផលិតកម្មនេះទេព្រោះទាំងសមត្ថភាព រូបសម្រស់ និងកេរឈ្មោះគឺតារាចម្រៀងរូបនេះមានគ្រប់គ្រាន់ដោយមិនចាំបាច់ពឹងពាក់បងប្រុសដែលឈរជើងក្នុងផលិតកម្មនេះអស់ជាងមួយទសវត្សរិ៍នោះដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេថាតើការលេចវត្តមានក្នុងផលិតម្មនាំមុននេះនឹងអាចជួយលើកមុខមាត់តារាចម្រៀងរូបនេះកម្រិតណានៅឡើយ។

ការបង្ហាញវត្តមានថ្មីរបស់តារាចម្រៀង នីកូគឺក្រោយពេលដែលតារាចម្រៀងលេចធ្លោរ លោកខេមរៈ សិរីមន្តបានបង្ហាញវត្តមានកាលពីចុងឆ្នាំ២០១៧កន្លងទៅ ហើយគេក៏លេចលឺថាតារាចម្រៀងរួមដំបូលលោកនី កូ គឺកញ្ញា អ៊ីវ៉ាក៏នឹងបង្ហាញវត្តមានក្នុងផលិតកម្មនេះក្នុងពេលឆាប់ៗផងដែរ។

ក្រៅពីជាអ្នកចម្រៀង និងសម្តែង នីកូ ក៏មានបទពិសោធន៍ច្រើនគួរសមក្នុងការដឹកនាំសម្តែងផងដែរ ដូចនេះប្រសិនបើផលិតកម្មផ្តល់ឱកាសច្រើនដល់តារាចម្រៀងរូបនេះគឺជាពិជាអាចលើកមុខមាត់កាន់តែខ្លាំងក្នុងវិស័យសិល្បៈ៕ វឌ្ឍនា


ចែករំលែក៖