ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនវាយបំផ្លាញកញ្ចក់ទ្វារផ្ទះអ្នកជិតខាង ព្រឹកឡើងសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្នុងរយ:ពេលចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខេត្តព្រះសីហនុបាននាំគ្នាត្អូញត្អែរធុញទ្រាន់ទៅ និងលំហូរចូលនៃជនជាតិចិនមកស្នាក់នៅក្នុងខេត្តព្រះសីហនុកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ ។

ការត្អូញត្អែរ និងភាពធុញទ្រាន់ដោយក្តីកង្វល់របស់ពួកគាត់មានដូចជាការបង្កករណីគ្រោះថ្នាក់ចរាចរណ៍ បង្កចលាចលមិនមានសណ្តាប់ធ្នាប់ រំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីរាជការ ដែលមានលំនៅដ្ឋាននៅជិតខាងតាមកន្លែងផ្ទះ ដែលជនជាតិចិនជួលស្នាក់នៅ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានលំនៅដ្ឋាននៅក្នុងបុរី( B.S)ស្ថិតក្នុងភូមិ០៥ សង្កាត់លេខ០៤ក្រុង.ខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា ជាក់ស្តែងក្នុងករណីជនជាតិចិនយកដែកវាយបំផ្លិចបំផ្លាញសម្ភារ នៅក្នុងផ្ទះ និងវាយបំបែកកញ្ចក់ទ្វារផ្ទះជិតខាងទាំងរំលងអធ្រាត្របង្កការរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ ដែលនៅជិតខាង ដែលហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលជារបស់ ហឺ សេង ភេទប្រុស អាយុ៧០ឆ្នាំ ដែលមានទីតាំងចំណុចខាងលើនេះ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានឲ្យដឹងថា ករណីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជួល និងកញ្ចក់ទ្វារផ្ទះអ្នកជិតខាងទៀត ជនសង្ស័យឈ្មោះ អាគ័រ ភេទប្រុស អាយុ២៨ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ូ ប៉ាងហ៊ី អាយុ៣៥ឆ្នាំទាំងពីរអ្នកប្តីប្រពន្ធ ប្រកបរបរបើកអាហារដ្ឋានយីហោឈីប៉ាជៀវសើ ក្នុងទីតាំងផ្ទះជួលខាងលើ។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធជនជាតិចិនខាងលើ មូលហេតុឈានដល់ប្តីរបស់គាត់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងហាង និងវាយកំទេចទ្វារកញ្ចក់ដោយសារតែប្តីគាត់ខឹងច្រឡោតជាមួយកូនប្រុសម្ចាស់ផ្ទះ ដែលនៅជិតខាង ដែលកន្លងមកតែងតែបង្កជាជម្លោះពាក្យសំដីជាញឹកញាប់រួចមកហើយលុះដល់វេលាខាងលើប្តីគាត់បានផឹកស្រាស្រវឹងហើយក៏បញ្ចេញកំហឹងដោយបានយកដែកទាញទ្វារវាយបំបែកទ្រព្យសម្បត្តិនៅក្នុងហាង និងកញ្ចក់ទ្វារផ្ទះអ្នកជិតខាងអស់ជាច្រើនផ្ទាំង។

នៅពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍តែត្រូវជនជាតិចិនជាប្តីបានដេញកាប់ទាំងសមត្ថកិច្ចរត់ទាំងព្រលឹងចុងសក់ថែមទៀត។ លុះព្រឹកឡើងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុម្តងទៀត និងបានឃាត់ខ្លួនជនជាតិចិន បង្កហេតុខាងលើយកមកស្នងការរដ្ឋានដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖