ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីដក​កាំភ្លើងខ្លី​កែ​ច្នៃ​ហ្គាស​ប្រើ​ហ្គា​ស​ដេញ​បាញ់​យុវជន​៤​នាក់ទៀតផ្អើលខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បាននាំគ្នាដេញតាមចាប់យុវជន២នាក់ រួមនិងដកហូតបាន​កាំភ្លើងខ្លី​កែ​ច្នៃ​ហ្គាស​ប្រើ​ហ្គា​សមួយដើម ក្រោយពីពួកគេបានធ្វើសកម្មភាព​ដេញ​បាញ់​យុវជន​​៥​នាក់​ទៀត ដែលកំពុងជិះ​ម៉ូតូ​៤​គ្រឿង បង្ក​ឲ្យ​ផ្អើល​ដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ឃាត់ខ្លួននិងវាយម្នាក់មួយដៃមួយជើងរងរបួសធ្ងន់ រួចទើបប្រគល់ឲ្យ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចាត់ការតាមច្បាប់ ។

ករណីខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩៨ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧២ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ រិ​ទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជា​អ្នក​បើក​ម៉ូតូ និង​ជនសង្ស័យ​ម្នាក់​ទៀត​មានឈ្មោះ សែន ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ល្បាត​បានឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GV-២៥២៧ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង កំពុង​តែ​ជិះ​ដេញ​ម៉ូតូ​ហុងដា​ឌ្រី​ម និង​ស៊ុ​យ​សុ​គី​និ​ច​២​គ្រឿង​ទៀត រួច​ហើយ​បាន​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​ចិន ដេញ​បាញ់​ទៅ​លើ​យុវជន​៤​ទៅ​៥​នាក់​ទៀត ភ្លាម​ៗ​នោះ​ដែរ កម្លាំង​ល្បាត​បានឃើញ​ក៏​ជិះ​រថយន្ត​ដេញ​កាក់ និង​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចោមរោម​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ទើប​អាវុធហត្ថ​ទួល​គោក​មក​អន្តរាគមន៍​ឃាត់ខ្លួន ។

បើ​តាម​សម្ដី​របស់​យុវជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួកគេបានឃើញ​ក្រុមចោរមានគ្នាប្រមាណជា៥ទៅ៦នាក់ ​ជិះ​ម៉ូតូ​៤​គ្រឿង បានធ្វើសកម្មភាពឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ម្នាក់ទៀត​កំពុង​ដក​ទូរស័ព្ទ​មក​និយាយ​នៅ​ក្រោម​ស្ពាន​អាកាស​៧​មក​រា ហើយ​ខ្លួន​ជាមួយ​មិត្តភក្តិ(យុវជនសង្ស័យ)​ឃើញ​ដូច្នេះ​ក៏​ជួយធ្វើអន្តរាគមន៍ដោយជិះម៉ូតូ​ដេញតាមចាប់ និងបង្កការភ្ញាក់ផ្អើលដល់កម្លាំង​កងរាជអាវុធហត្ថ​ហើយបែរជាមកចាប់ពួកគេ​ទៅ​វិញ ។ យុវជនសង្ស័យបន្តទៀតថា ចំណែក​កាំភ្លើង​ខាងលើ​នេះ ពិតជា​របស់​ពួក​គេ​ពិតប្រាកដមែន តែ​កាំភ្លើង​នេះ​ជា​កាំភ្លើង​កែ​ច្នៃ​ប្រើ​ហ្គា​ស​ទេ ដោយខ្លួន​ទិញ​តម្លៃ១៤០​ដុល្លារ ទុក​គ្រាន់​ប្រើ​លេង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​លើ​ខាង​នេះ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ ស តារា


ចែករំលែក៖