ព័ត៌មានទាន់ហេតុការណ៍៖

វែកមុខឃាតករំលោភសម្លាប់សិស្សស្រីអាយុ១៨ឆ្នាំនៅក្រុងបានលុង ឃាតកត្រូវជាឪពុកមាជនរងគ្រោះ

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចវែកមុខឃាតកដែលរំលោភសម្លាប់សិស្សស្រីជនជាតិគ្រឹងនៅសង្កាត់កាចាញ ក្រុងបានលុងនោះឃើញហើយ និងបានបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ក្នុងករណីខាងលើនេះ ត្រូវបានលោកតេង សាវុធ អធិការរងទទួលបន្ទប់ព្រហ្មទណ្ឌ ក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ដែន អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ ជាបុរសពោះម៉ាយលែងប្រពន្ធ២ឆ្នាំហើយ រស់នៅជាមួយប្អូនបង្កើតឈ្មោះ ប៉ក់ ឡុក ដែលមានផ្ទះក្បែរគ្នានឹងជនរងគ្រោះ(សិស្សស្រីដែលស្លាប់)។

លោកបានបញ្ជាក់ទៀតថា ករណីឃាត់ខ្លួនជនសង្ស័យខាងលើ គឺក្នុងថ្ងៃកើតហេតុនោះតែម្តង ដែលស្លាប់នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង៥ល្ងាច ទើបឃាត់ខ្លួនបាននៅចំណុចផ្ទះយុវតីនោះតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានស្រាវជ្រាវព័ត៌មានយ៉ាងលម្អិតជុំវិញកន្លែងកើតហេតុ។

ក្នុងពេលឃាត់ខ្លួនបញ្ជូនដល់អធិការ ក្រុងជនសង្ស័យមិនព្រមសារភាពថា សម្លាប់សិស្សស្រីឈ្មោះ អាត់ ស៊ីញ អាយុ១៨ឆ្នាំ នោះទេ។ តែសមត្ថកិច្ចមានការចាប់អារម្មណ៍ទៅលើជនសង្ស័យរូបនោះ ដោយសារយោងតាមការឲ្យដឹង នៅម៉ោង៧យប់ ជនសង្ស័យបានទៅទិញស្រាបៀ១កំប៉ុង និងដូរក្រវឹល១កំប៉ុងទៀត នៅតូបលក់របស់ជនរងគ្រោះយកមកផឹកផ្ទះរបស់ខ្លួន ស្របពេលជនរងគ្រោះមកពីសាលារៀនផងដែរ។ ដល់ពេលសមត្ថកិច្ចចាប់បាន សួរជនសង្ស័យថា តើមានទៅទិញស្រាបៀនៅតូបនោះដែរទេ? ជនសង្ស័យរូបនេះ បានឆ្លើយបង្វែងដានថា អត់បានទៅទិញទេ ។

ជនសង្ស័យនោះបានឆ្លើយថា ខ្លួនបានទៅទិញស្រាបៀពីរកំប៉ុងនោះ នៅភូមិ១កាចាញ ពេលសមត្ថកិច្ចសួរដេញដោលយ៉ាងខ្លាំងទើបឆ្លើយថា បានទិញស្រានៅផ្ទះជនរងគ្រោះមែន។

សមត្ថកិច្ចបន្តទៀតថា មានចំណុចសំខាន់ៗជាច្រើនទៀតដែល ធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យ និងឈានទៅដល់ការដាក់បន្ទុកទៅលើជនសង្ស័យរូបនេះតែម្តង។

លោកតេង សាវុធ បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើសមត្ថកិច្ច ក្រុងបានលុងបញ្ជូនខ្លួនទៅឲ្យសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ ឬមិនចោទប្រកាន់ ស្រេចទៅលើចៅក្រមស៊ើបសួរ។

បើតាមព័ត៌មានពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ពុធ អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹងបានឲ្យដឹងថា ជនសង្ស័យឈ្មោះជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់។ ជនរងគ្រោះត្រូវជាក្មួយរបស់ជនសង្ស័យ ហើយជនសង្ស័យតែងចេញចូលផ្ទះគាត់ដោយសេរី។

ក្រោយពីទទួលព័ត៌មានលម្អិតក្នុងថ្ងៃកើតហេតុពាក់ព័ន្ធករណីប៉ងរំលោភមិនបានសម្រេច សម្លាប់សិស្សស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនោះ អ្វីដែលធ្វើឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋហួសចិត្ត គឺជនសង្ស័យបានមកឈរមើល និងជួយសែងសាកសពចេញពីកន្លែងកើតហេតុចូលទៅក្នុងផ្ទះជនរងគ្រោះទៀតផង។

ក្រោយពីកើតហេតុត្រូវបានឪពុកម្តាយស្រីរងគ្រោះប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ជនល្មើសទំនងជាចាប់នាងខ្ទប់មាត់អូសមកខាងជើងផ្ទះ ដែលមានស្មៅដុះខ្ពស់ៗ ហើយធ្វើសកម្មភាពរំលោភ តែមិនបានសម្រេចដោយសារនាងតដៃ ៕ ជីវន្ត


ចែករំលែក៖