ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្ត កំពង់ចាមបានបើកការបង្ក្រាបសង្វៀនបញ្ជល់មាន់២កន្លែង មានពីរស្រុក ក្នុងនោះឃាត់ អ្នកលេងបានម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជា ពលរដ្ឋ ។
លោកបន្តថា ទីតាំងទី១ ៖ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ ចុះបង្ក្រាបទីតាំងលេងល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ១កន្លែង នៅចំណុចភូមិដូនធី ឃុំបុសខ្នុរ ។ ក្នុងនោះសមត្ថកិច្ចឃាត់អ្នក លេងល្បែងម្នាក់ឈ្មោះ ម៉ុល ធារ៉ា អាយុ៣២ឆ្នាំ និងចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន៦គ្រឿង ជញ្ជីងថ្លឹងមាន់១ , កញ្ជក់បាំងមាន់១ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ និងវត្ថុតាងខាងលើ បាននាំមកអធិដ្ឋាននគរបាល ស្រុកចំការលើ ដើម្បីសាកសួរ និង កសាងសុំណំរឿងតាមនិតីវិធី ។
លោកឧត្តមសេនីយ៍ឲ្យដឹងទៀតថា ទីតាំងទី២ ៖ នៅរសៀលថ្ងៃខែដដែល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ស្រុកកំពង់សៀមបានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់១កន្លែងទៀត នៅចំណុចព្រែកស្វាយ ស្ថិតក្នុងភូមិរអាងក្រោម ឃុំរអាង ប៉ុន្តែក្រុមអ្នកលេងល្បែងបញ្ជល់មាន់ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមបានរត់គេចខ្លួនអស់ ។ ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុ តាង ម៉ូតូចំនួន២គ្រឿង ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅចំនួន១គ្រឿង និងម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅចំនួន១គ្រឿង , មាន់ជល់ងាប់២ក្បាល, ជញ្ជីងថ្លឹងមាន់១ ស្កត់រុំជើងមាន់មួយ ចំនួនទៀត ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ