ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងមួយយប់ ចោរចូលលួចម៉ូតូ២គ្រឿងនៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តរតនគិរីៈ ចោរចូលលួចម៉ូតូ២គ្រឿង នៅកន្លែងផ្សេងគ្នា ក្នុងយប់តែមួយ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ម៉ូតូ១គ្រឿងបានបាត់នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ម៉ូតូម៉ាក MSX ពណ៌ស គ្មានស្លាកលេខ ម្ចាស់បានទុកចោលនៅក្រោមផ្ទះ ម្ចាស់ឈ្មោះ វ៉ាន់ ធិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ។

ចំណែកម៉ូតូ១គ្រឿងទៀតបានបាត់នៅចំណុចភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ម៉ូតូម៉ាកហុងដា C១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១A- ៤៩៩៩ ម្ចាស់បានទុកចោលនៅក្រោមផ្ទះ ម្ចាស់ឈ្មោះ ទុន ដារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអនុប្រធានភូមិ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។

ក្រោយពីបាត់ម៉ូតូទាំងពីរគ្រឿង ម្ចាស់ម៉ូតូបានដាក់ពាក្យប្តឹងទៅនគរបាលប៉ុស្តិ៍មូលដ្ឋានឲ្យជួយអន្តរាគមន៍។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការជាមួយកម្លាំងជំនាញខេត្ត បានធ្វើការចុះស្រាវជ្រាវរកឃើញម៉ូតូ១គ្រឿងម៉ាក MSX ដែលជនសង្ស័យយកទៅប្លុងចោល ហើយម៉ូតូ១គ្រឿងទៀតមិនទាន់រកឃើញនៅឡើយ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញខេត្ត និងអធិការដ្ឋាននគរបាលស្រុកកូនមុំ កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៅទៀតស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សូមរំលឹកផងដែរថា គឺដោយសារមានបនល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា៖ កត់កន្ទុយលេខឆ្នោតយួន បៀ អាប៉ោង នឹងចាក់បាល់ទាត់តាមប្រព័ន្ធអ៊ីនធឺណែត ពោល គឺភូមិ ឃុំអសន្តិសុខ ដែលប្រមុខរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យលេងនៅទូទាំងប្រទេស៕ ជីវន្ត


ចែករំលែក៖