ខេត្តស្វាយរៀង៖ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអគ្គនាយករដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តចល័តមន្ទីរពិសោធន៍ ចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ នៅក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈនាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។
យោងតាមមន្ត្រីសាខាកាំកង់ត្រូលបានឲ្យដឹងថា «ថ្ងៃនេះសាខាកាំកុងត្រូល សហការជាមួយមន្ទីរជំនាញ និងអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ ក្នុងនោះស្ថានីយលក់ប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម៦ ក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។ ជាលទ្ធផល មន្ត្រីជំនាញផ្នែកប្រេងឥន្ធនៈពិនិត្យ និងរកឃើញថា មានការលក់ចែកចាយ មិនគ្រប់តាមរង្វាស់រង្វាល់ ជាហេតុធ្វើឱ្យអតិថិជនមានការខាតបង់»។
ប្រភពបានបញ្ជាក់ថា ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ ធ្វើនៅតាមស្ថានីយទូទាំងប្រទេស។ ជាក់ស្តែងការចុះត្រួតពិនិត្យគុណភាព បរិមាណប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ទាំង០៦ស្ថានីយ នៅក្នុងក្រុងស្វាយរៀង នាពេលនេះ ដោយប្រើប្រាស់រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយបំពាក់ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំបាន។
លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាព ប្រេងសាំងធម្មតា សាំង ស៊ុបពែ ប្រេងម៉ាស៊ូត លើស្ថានីយចំនួន៦ គឺត្រឹមត្រូវតាមស្តង់ដា៣កន្លែង ដោយឡែក៣កន្លែងទៀត មិនត្រឹមត្រូវទៅតាមស្តង់ដា ដោយផ្នែកបរិមាណបាញ់ចេញពីទុយោវិញ មានកម្រិតលំអៀងពី០៣លីត្រ ទៅ០៦លីត្រ ក្នុង១០០លីត្រ បាញ់ចេញ(ពោល) គឺមិនមានអនុលោមភាព ផ្នែកមរិមាណ១កន្លែង និងមិនមានអនុលោមភាពគុណភាព២កន្លែង។
យ៉ាងណាក៏ដោយ ស្ថានីយទាំង៣មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ត្បិតសមត្ថកិច្ច ជំនាញបានអប់រំណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងនោះ ធ្វើធ្វើកិច្ចសន្យាផងដែត៕ យឹម សុថាន