ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក អិន កាយ អធិការនគបាលស្រុកត្រពាំងប្រាសាទ រងការចោទរំលោភយកដីស្រែចំការស្រ្ដីមេម៉ាយទុរគតប្ដីជាយោធាស្លាប់ចោល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ឯក អ៊ិន កាយ អធិការនគបាលស្រុកត្រពាំងប្រាសាទ កំពុងរងការចោទថា បានប្រើអំណាចរំលោភយកដីស្រែចំការ ៩ហិកតា របស់ស្រ្ដីមេម៉ាយ រស់នៅក្នុងជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច អតីតះ ប្ដីជាយោធា ដែលបានស្លាប់ចោល និងមានកូន៩នាក់ នៅក្នុងបន្ទុក៥នាក់ ដែលមានឈ្មោះឈុយ ផល្លា អាយុ ៤៩ រស់នៅភូមិពពេល ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ស្រ្ដីមេម៉ាយទុរគត ដែលត្រូវបានលោកអធិការនគបាលស្រុកត្រពាំងប្រាសាទ រំលោភយកដីស្រែចំការអស់នោះ បានឲ្យដឹងនៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា កាលពីប្ដីគាត់នៅរស់ បានលក់ដីចំការនៅចំណុចភូមិ ឃុំខាងលើ ឲ្យទៅឈ្មោះ សុន នៅភូមិសន្ដិភាព ចំនួន២៣ហិកតា នៅក្នុងផ្ទៃដីសរុប៣២ហិកតា ហើយក្រោយមកលោក អ៊ិន កាយ អធិការនគបាលស្រុកត្រពាំងប្រសាទបានទិញត ដោយមានការបង្ហាញព្រុំប្រទល់ និងឯកភាពគ្នាអស់ហើយ។

ប្រភពបន្តថា ពេលរូបគាត់បានទៅធ្វើកម្មករនៅស្រុកថៃត្រឡប់មកវិញ ចង់ទៅមើលដី និងទិញកូនដើមស្វាយចន្ទីបន្ដិចបន្តូចយកទៅដាំ ពេលទៅដល់ចំការ ស្រាប់តែឃើញលោក អិន កាយ ឲ្យគេភ្ជួរយកអស់រលីង ដោយឃើញបែបនេះរូបគាត់បានតក់ស្លុតយ៉ាងខ្លាំងស្ទើរតែមិនចង់រស់ ព្រោះអត់មានដីសម្រាប់ប្រកបជីវភាពចិញ្ចឹមកូនឲ្យរស់បន្ដទៀត។ ពេលគាត់ទូរសព្ទ័សួរ បែរឆ្លើយថា លោកយកតែចំនួន៣០ហិកតាដែលលោកបានទិញតែប៉ុណ្ណោះ ។

ស្រ្ដីជាម្ចាស់ដីបានបន្ដថា ប្ដីរបស់គាត់លក់តែ២៣ហិកតា ហេតុម្តេចបានត្រូវយក៣០ហិកតា គាត់មិនព្រមទេ រូចក៏បានរក្សាឯកសារលក់ ទិញទាំងអស់នោះដែរ ដើម្បីការពារជនល្មោភអំណាចរំលោភយក ឥឡូវរំលោភយកមែន។

លោក អិន កាយ អធិការនគបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា លោក យកត្រឹមតែចំនួនដី៣០ហិកតា ដែលលោកបានទិញតែប៉ុណ្ណោះ បើវាស់ឃើញនៅសល់ ទុកជារបស់គាត់វិញទៅ ហើយចេញថ្លៃភ្ជួរឲ្យគេទៅ ពីព្រោះដីនេះ លោកបានទិញបន្ដពីលោកអធិការនគបាលអន្លង់វែងចាស់ និងលក់បន្ដឲ្យមិត្តភក្តនៅឯខេត្តផ្សេង៕ ប៉ែន នួន


ចែករំលែក៖