ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននឹងជម្លៀសពលរដ្ឋចេញពីកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ៊ អាបេ នឹងស្នើរដល់កូរ៉េខាងត្បូង ជួយក្នុងការជម្លៀសពលរដ្ឋជប៉ុនចេញពីកូរ៉េខាងត្បូង នៅពេលមានហេតុការណ៍អាសន្នកើតឡើងនៅឧប្បទ្វីបកូរ៉េ។

តាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន ដែលសារព័ត៌មាន Japan Times បានផ្សាយថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង រយៈពេល២ថ្ងៃ នៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខ លោក អាបេ នឹងស្នើរដល់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអីនគាំទ្រដល់គម្រោងជម្លៀសពលរដ្ឋចេញពីកូរ៉េខាងត្បូងនៅពេលចាំបាច់។

ប្រភពព័ត៌មានផ្សាយថា ការសម្រេចខាងលើបានបង្ហាញយ៉ាងច្បាស់ថា ជប៉ុនពិតជាព្រួយបារម្ភពីសង្គ្រាមដែលអាចកើតឡើង រវាងអាមេរិក នឹងកូរ៉េខាងជើង ក្រោយការប្រគួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

បើទោះបីភាពតានតឹងបានបន្ថយកម្តៅនៅមុនការប្រគួតកីឡា ប៉ុន្តែនៅមមានពាក់ចចាមអារ៉ាមនៅក្នុងជួររដ្ឋាភិបាលជប៉ុន ថាកូរ៉េខាងជើង នឹងមានសកម្មភាពយោធា ក្នុងពេលដែលអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួម ក្រោយការប្រគួតអូឡាំពិកដែលនឹងបញ្ចប់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និងជប៉ុន នឹងជួបពិភាក្សាគ្នា បន្ទាប់ពីការបើកប្រគួតកីឡាអូឡាំពិកនៅថ្ងៃទី៩ ខែកុម្ភៈ។ តាមគម្រោង មេដឹកនាំទាំង២នឹងជួបពិភាក្សាគ្នារយៈពេល៤៥នាទី នៅក្នុងសណ្ឋាគារនៅជិតពហុកីឡដ្ឋាន។

កាលពីពេលកន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានស្នើរគណកម្មការមូលនិធិសភា ចំណាយដើម្បីសុវត្ថភាពពលរដ្ឋ និងស្នើរដល់កូរ៉េខាងត្បូងសហការ ដើម្បីជម្លៀសពលរដ្ឋជប៉ុន ពេលហេតុការណ៍បន្ទាន់។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧប្បទ្វីបកូរ៉េ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន កំពុងពិចារណាលើជំនួបពិភាក្សាមួយទល់នឹងមួយ ជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុងណាំ ដែលដឹកនាំគណៈប្រតិភូ ដើម្បីមកចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងារ នាសប្តាហ៍នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់សម្តីដោយទីភ្នាក់ងារចិន CGTN កាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ការបង្ហើបព័ត៌មានខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជាក់ទទួលស្គាល់ថា លោក Kim Yong Nam ដែលជាប្រធានសភាជាន់ខ្ពស់របស់កូរ៉េខាងជើង នឹងដឹកនាំគណៈប្រតិភូជាង២០នាក់ មកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេល៣ថ្ងៃពោលគឺរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក PyeongChang 2018 ដែលនឹងចាប់ផ្តើមពីថ្ងៃទីសុក្រ សប្តាហ៍នេះតទៅ។ ជុំវិញការសម្រេចចិត្តចុងក្រោយ ជុំវិញជំនួបរវាងលោក មូន នឹងលោក គីម មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ព្រោះថារឿងនេះក៏ត្រូវការសាកសួរយោបល់ពីភាគីកូរ៉េខាងជើងផងដែរ។

ដោយឡែក សម្រាប់លទ្ធភាពដែលថា លោក Kim Yong Nam អាចនឹងជួបអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) ដែលនឹងជួសមុខឲ្យលោក ដូណាល់ ត្រាំ ដឹកនាំប្រតិភូមកចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអន្តរជាតិនេះដូចគ្នា ដែរឬយ៉ាងណានោះ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បានសុំមិនធ្វើអត្ថាធិប្បាយឡើយ។

គួរជម្រាបថា នៅក្នុងរចនាសម្ព័ន្ធនៃអំណាចរបស់ប្រទេសកូរ៉េខាងជើង លោក គីម យ៉ុងណាម វ័យ៩០ឆ្នាំ ក៏មានតួនាទីជាប្រមុខរដ្ឋមិនកាន់អំណាច ពោលគឺជាមេដឹកនាំលំដាប់ទី២ ដែលនៅក្រោមលោកប្រមុខដឹកនាំកំពូលផុតលេខ លោក គីម ជុងអ៊ុន តែម្នាក់គត់ ហើយដំណើររបស់លោក នឹងមកដល់កូរ៉េខាងត្បូងនៅថ្ងៃខាងមុខនេះ គឺពិតជារឿងដ៏កម្របំផុតមួយផងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖