ភ្នំពេញ៖ តារាសម្តែងស្រី សារ៉ាយ សក្កណា បានវិលមកកាន់ទឹកដីកំណើតអស់ជាច្រើនក្នុងគោលបំណងធំៗមួយចំនួន ប៉ុន្តែនាងបានសម្តែងការសោកស្តាយក្រោយពីគម្រោងការចេញថតភាពយន្តថ្មី៣របស់នាងមិនបញ្ចប់តាមការគ្រោងទុក។
តារាសម្តែងកូនមួយ អ្នកនាង សារ៉ាយ សក្កណា បានវិលមកកម្ពុជាកាលពីអំឡុងចុងឆ្នាំ២០១៧មកម្ល៉េះ ក្នុងគោលបំណងពង្រីកហាងកែសម្រស់ឲ្យកាន់តែធំជាងមុន និងចេញថតភាពយន្តខ្នាតធំ និងភាពយន្តភាគចំនួន៣រឿងតែម្តង។ ទោះជាយ៉ាងណាគម្រោងថតរឿងរបស់នាងបានសម្រេចតែ២រឿងប៉ុណ្ណោះ។
ថ្លែងមុនពេលចាកចេញពីកម្ពុជា តារាស្រីរូបនេះលើកឡើងថា មកលើកនេះចង់សម្រុកថតភាពយន្តបីរឿង ប៉ុន្តែមិនចប់ទើបសម្រេចចិត្តលុបចោលមួយរឿង។ នាងថា ជាភាពយន្តភាគ និងភាពយន្តខ្នាតធំ ដែលនាងសប្បាយចិត្តដែលនៅតែមានឱកាសសម្រាប់ការសម្តែង ប៉ុន្តែសោកស្តាយដែលមិនដូចការគិត ព្រោះពេលវេលាមិនអំណោយផល។
នាងថាគ្រាន់តែចុះមកថតមួយរយៈនេះនាងស្រកទម្ងន់ប្រមាណជិត៥គីឡូ ព្រោះតែការងាររវល់ច្រើន ហើយក៏ត្រូវទៅមើលខុសត្រូវហាងកែសម្រស់ និងហាងកាហ្វេដែលទើបនឹងសាងសង់ថ្មីផងដែរ។ ទោះជាមិនចប់តាមការគ្រោងទុកប៉ុន្តែនាងសប្បាយចិត្តដែលទស្សនិកជននៅតែគាំទ្រការសម្តែងរបស់នាងកន្លងមកនិងពេលបច្ចុប្បន្ន។
ចំពោះគម្រោងយកកូនទី២វិញតារាស្រីរូបនេះលើកឡើងថា នៅតែចង់បានគឺមិនមានការពន្យារកំណើតអ្វីទេ ប៉ុន្តែសំខាន់នាងនិងស្វាមី មិនសូវបានរួមរស់ជុំគ្នាច្រើនដូចមុន។ តារាស្រីរូបនេះលើកឡើងដែរថា ការចេញទៅសហរដ្ឋអាមេរិកវិញពេលនេះ ក៏មិនយូរទេ នាងនឹងត្រឡប់មកកម្ពុជាវិញ ព្រោះមុខរបរធំនៅទីនេះ មិនអាចចោលយូរបាន ហើយក៏រំពឹងថា នឹងអាចទទួលបានភាពយន្តថ្មីៗបន្តទៀតសម្រាប់សម្តែងនៅជើងក្រោយនេះផងដែរ៕ វឌ្ឍនា