ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រានករណីជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង កាលពីម៉ោងជិត២រសៀល ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងរោងកម្មករ ក្នុងបុរីឌឺមេគង្គរ៉ូយ៉ាល ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ខាងលើដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ សន វាសនា អាយុ ៣៥ឆ្នាំ ទី២-ឈ្មោះ សុខ ជា អាយុ ២៥ឆ្នាំ ទី៣-ឈ្មោះ ប្រាក់ ទិត្យ អាយុ ២០ឆ្នាំ ទី៤-ឈ្មោះ អៀម រតនា អាយុ ១៨ឆ្នាំ និងទី៥-ឈ្មោះ ធី សីលា អាយុ ២៥ឆ្នាំ បច្ចុប្បន្នអ្នកទាំង ៥នាក់ខាងលើមានមុខរបរ កម្មករសំណង់ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌ បានប្រាប់អោយដឹងថា មុនពេលកម្លាំងកងរាជអាវុធខណ្ឌជ្រោយចង្វាបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆក់ចូលបង្ក្រាបទីតាំង មួយកន្លែងនៅក្នុងរោងកម្មករ ក្នុងបុរីឌឺមេគង្គរ៉ូយ៉ាល ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ដកហូតថ្នាំញៀនចំនួន ៦កញ្ចប់ក្នុងមាន ២កញ្ចប់ធំល្មម ដាវសាំម៉ូរ៉ៃចំនួន ២ដើម ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសង់ ស៊េរីឆ្នាំ២០១៥ ភ្នំពេញ 1CQ-8762 ។
បន្ទាប់ពីសាកសួរជនសង្ស័យខាងលើរួចមក កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានបញ្ជូនជនសង្ស័យទាំងនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ