ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC)

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងមានមោទភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ផ្ទាល់ខ្លួននៅទីនេះ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា ។

ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះគឺបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់កម្ពុជាចំនួនទឹកប្រាក់៦០% និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេនរបស់ប្រទេសថៃចំនួនទឹកប្រាក់៤០% ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ កំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។

តាមរយៈការបង្កើតរោងចក្រនេះក៏ជាការផ្តល់ការងារមួយចំនួនដល់ពលរដ្ឋកម្ពុជាប្រមាណេជាង៤០០នាក់ ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូចច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តកំពត ដែលកន្លងមកតែងតែជឿជាក់គាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ សូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រជាបន្តទៀត។ សម្តេចតេជោ សន្យាថានឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងការដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ សូមជូបតែសេចក្តីសុខចម្រើនគ្រប់ៗគា្ន។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នេះក្នុងបរិយាកាសរីករាយក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖