ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការគ្នាចុះបង្រ្កាបករណីលួចគាស់ផ្ទះយកម៉ូតូ ១គ្រឿង ក្នុងនោះឃាត់ខ្លួនបុរសម្នាក់រួមទាំងវត្ថុតាងម៉ូតូផងដែរ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ទោ ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ ហែម ស្រីល័ក្ខ អាយុ ២៣ឆ្នាំ និងកូនប្រុសចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ ជនសង្ស័យឪពុកឈ្មោះ ផន ផល(ស្លាប់) ម្ដាយឈ្មោះ មុំ សាវង់ អាយុ ៦៣ឆ្នាំ មានបងប្អូនបង្កើតចំនួន ១២នាក់ ក្នុងនោះស្រីចំនួន ៨នាក់ ។
លោក វរសេនីយ៍ទោ អធិការនគរបាលបន្តថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 5824 ជាកម្មសិទ្ធរបស់ឈ្មោះ សុន សុីត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់(កន្លែងឃាត់ខ្លួន) ។
លោក បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងក្រោយពេលសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេតពោធិ៍សាត់ក្រោយទទួលបណ្ដឹងរបស់ជនរងគ្រោះ ខណៈជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូកាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតូប ១កន្លែងក្បែផ្លូវបំបែកចូលទៅរមណីយដ្ឋានច្រកល្អៀង ស្ថិតក្នុងប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនសង្ស័យរួមវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណំបែបបទបន្ថែមបញ្ជូនទៅការិយាល័យជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ ប៉ឹម ពិន