ភ្នំពេញ ៖ ក្រុមការងារគណៈពង្រឹងមូលដ្ឋានសង្កាត់សំរោង បានផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចប់ទៅថ្មីៗនេះ ដល់ប្រធានក្រុមអនុប្រធានក្រុមបក្សនៅតាមមូលដ្ឋាននាទីស្នាក់ការគណបក្សសង្កាត់សំរោង នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោក យិន អ៊ីម ចៅសង្កាត់សំរោងអានខ្លឹមសារក្នុងអង្គប្រជុំរបស់មហាសន្និបាត ដល់មន្ដ្រីបក្សគ្រប់ជាន់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ពិសេសប្រធានក្រុមបក្សតាមសង្កាត់ភូមិឈ្វេងយល់ និងពិចារណា ដើម្បីយកទៅអនុវត្ត ឲ្យស្របទៅនឹងសភាពការណ៍ការវិវឌ្ឍថ្មីរបស់ប្រទេស ក៏ដូចជានយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។
លោក ស៊ូ ស៊ីវត្ថា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់សំរោង និងជាប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលខណ្ឌបានគូសបញ្ជាក់ពីភាពអសកម្មខ្លះរបស់សមាជិកសមាជិកាកន្លងមកហើយដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋត្រូវកែលំអរនូវចំណុចខុសឆ្គងមួយចំនួន ដោយត្រូវយកចិត្តទុកដាក់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកុំទុកឲ្យមានបញ្ហាអូសបន្លាយយូរចាត់ទុកប្រជាពលរដ្ឋជាម្ចាស់មិនត្រូវធ្វើអ្វីប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ ។
លោកអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោងបន្ថែមថា សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព បង្រួបបង្រួមជាតិមានការអភិវឌ្ឍន៍ រីកចំរើនជាលំដាប់ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តខិតខំពីថ្នាក់លើរហូតថ្នាក់មូលដ្ឋានដើម្បីថែរក្សាសន្តិភាពឲ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស ជំរុញការអភិវឌ្ឍសង្កម សេដ្ឋកិច្ចឲ្យកាន់តែរីកចំរើនលូតលាស់ឡើងបន្ថែមទៀត ។
លោកបន្តថាក្រុមការងារទាំងអស់ត្រូវចូលរួមឲ្យបានសកម្មដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតព្រឹទ្ធសភា និងសកលខាងមុខឱ្យប្រព្រឹត្តិទៅយ៉ាងល្អ ក្នុងសន្តិភាព តម្លាភាព និងប្រជាធិបតេយ្យ និងជំរុញឱ្យសមាជិកសមាជិកាក្រុមការងារទាំងអស់បន្ដខិតខំដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កើននូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋជាពិសេសស្វែងរកព័ត៌មាន ដែលជាតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមដើម្បីយកបញ្ហាទាំងនោះមកពិភាក្សាដោះស្រាយ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។
ជាងនេះទៅទៀតត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសប្រធាន អនុប្រធានសាខាបក្សក្រុមបក្សទាំងអស់បន្តឈ្វេងយល់ឲ្យបានស៊ីជម្រៅពីសភាពការណ៍វិវឌ្ឍរបស់ស្រុកទេសនាពេលបច្ចុប្បន្នទើបអាចជម្រុញសកម្មភាពការងាររួមទទួលបានជោគជ័យទាំងអស់គ្នា ៕ ព្រែកជ័យ