ខេត្តព្រះសីហនុ អ្នកបើកម៉ូតូម្នាក់ ឈ្មោះ សុខ គុយ ភេទ ប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានស្លាប់នៅនឹងកន្លែង ដោយសារគ្រោះចរាចណ៍បុកបះនឹងរថយន្តមួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៦:១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៩-១៨០ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថច្ចថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ ស គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ( គេចខ្លួន) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-4117 បើកបរដោយឈ្មោះ សុខ គុយ ភេទ ប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ជាអ្នកបើកបរម៉ូតូនៅនឹងកន្លែងកើតហេតុឈ្មោះ សុខ គុយ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ សពត្រួវ បានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ